(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្សប្រហែល១០០,០០០នាក់ ត្រូវបានជម្លៀសចេញពីភូមិនានាដែលបាន​រងការជន់លិច នៅខេត្ត ពូនចាប (Punjab) នៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

ភូមិរាប់រយកន្លែងនិងផ្ទៃដីដំណាំរាប់ពាន់ហិកតា នៅខេត្ត Punjab ភាគកណ្តាលប៉ាគីស្ថាន គឺត្រូវបានជន់លិច បន្ទាប់ពីទឹកទន្លេ Sutlej បានកើនឡើងខ្លាំងហួសផុតពីមាត់ច្រាំង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ នាពេលនេះ អាជ្ញាធរផ្នែកសង្រ្គោះបន្ទាន់ បាននិងកំពុងបន្តព្យាយាមធ្វើការ ដើម្បីជម្លៀសប្រជាជននិងបសុសត្វ ទៅកាន់ទីទួលមានសុវត្ថិភាព។ អ្នកនាំពាក្យសេវាសង្រ្គោះបន្ទាន់ខេត្ត Punjab បានប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា «ឥឡូវនេះ ពួកយើងជួយសង្រ្គោះមនុស្សបាន១០០,០០០នាក់ ហើយបានបញ្ជូនពួកគេទៅកាន់ កន្លែងសុវត្ថិភាព»

គួរបញ្ជាក់ថា បើតាមការអះអាងរបស់ប្រមុខរដ្ឋបាលខេត្ត Punjab លោក Mohsin Naqvi ភ្លៀងរដូវមូសុងបានបង្ខំឱ្យ អាជ្ញាធរនៅឯប្រទេសឥណ្ឌា បញ្ចេញទឹកចេញពីអាងស្តុកទឹក ចូលទៅក្នុងទន្លេ Sutlej ជាហេតុធ្វើឱ្យផ្នែកនៃទន្លេដែលនៅខាងប៉ាគីស្ថាន រងការជន់លិច។ កាលពីអំលុងរដូវមូសុងឆ្នាំ២០២២ ផ្ទៃដីដល់ទៅ១ភាគ៣នៃប្រទេសអាស៉ីខាងត្បូងមួយនេះ បានរងការលិចលង់យ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់មនុស្សជាង៣៣លាននាក់៕