(ញូដេលី)៖ អាជ្ញាធរនៅប្រទេសឥណ្ឌាបានឱ្យដឹងថា មានមនុស្សយ៉ាងហោច១៧នាក់ ដែលកំពុងធ្វើការងារនៅការដ្ឋានសាងសង់ស្ពានផ្លូវដែកមួយខ្សែ ស្ថិតនៅក្នុងរដ្ឋ Mizoram ភាគខាងកើតប្រទេស បានបាត់បង់ជីវិត នៅពេលដែលស្ពាននោះបានបាក់នាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។
ប្រមុខរដ្ឋបាលនៃរដ្ឋ Mizoram លោក ហ្សូរ៉ាមថានហ្កា (Zoramthanga) បាននិយាយយ៉ាងដូច្នេះថា «ស្ពានផ្លូវរថភ្លើងមួយខ្សែ ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ នៅឯក្រុង Sairang នៃស្រុក Aizawl បានបាក់នាថ្ងៃនេះ ហើយកម្មករយ៉ាងហោចចំនួន១៧នាក់ បានស្លាប់»។ ជាមួយគ្នានេះ កាសែតក្នុងស្រុកឥណ្ឌា Indian Express ដែលផ្អែកលើសម្តីរបស់ប៉ូលិស បានរាយការណ៍ថា សាកសពមនុស្ស១៧នាក់ ត្រូវយកបាន ប៉ុន្តែនៅមានជាច្រើននាក់ទៀតបាត់ខ្លួន។ យ៉ាងណាមិញ សេចក្តីរាយការណ៍ ពាក់ព័ន្ធនឹងមនុស្សបាត់ខ្លួននេះ គឺមិនទាន់អាចត្រូវផ្ទៀងផ្ទាត់នៅឡើយទេ។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យនាយករដ្ឋមន្រ្តីឥណ្ឌា ខាងរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន២,៤០០ដុល្លារ ដល់គ្រួសាររបស់អ្នកដែលបានបាត់បង់ជីវិតទាំងនោះ។ នៅក្នុងប្រទេសឥណ្ឌា ឧបទ្ទវហេតុនៅតាមការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ គឺជារឿងដែលតែងកើតមានឡើងជាញឹកញាប់៕