(តេហេរ៉ង់)៖ ប្រទេសអ៉ីរ៉ង់ ទើបតែបានបង្ហាញរូបរាងយន្តហោះដ្រូនថ្មីមួយ ដែលខ្លួនអះអាងថា មានសមត្ថភាពអាចវាយប្រហារទៅលើ​គោលដៅស្ថិតនៅក្នុងប្រទេសអ៉ីស្រាអែលបាន។ ​នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអ៉ីរ៉ង់ បានបញ្ចេញយន្តហោះដ្រូនខាងលើហៅថា Mohajer-10 កាលពីថ្ងៃអង្គារសប្តាហ៍នេះ អំលុងព្រឹត្តិការណ៍មួយ ដែលប្រារព្ធឡើង ដើម្បីអបអរទិវាឧស្សាហកម្មការពារជាតិ នៅក្នុងប្រទេសអ៉ីរ៉ង់ ហើយមានការចូលរួមពីប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) ព្រមទាំងក្រុមមេបញ្ជាការជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធនិងកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ យន្តហោះដ្រូន Mohajer-10 អាចផ្ទុកគ្រាប់បែកបានច្រើនប្រភេទ និងរហូតដល់ទម្ងន់៣០០គីឡូក្រាម ហើយអាចហោះក្នុងល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្ទុកសាំងបាន៤៥០លីត្រ។ ក្រៅពីសព្វាវុធ វាក៏មានបំពាក់ឧបករណ៍​ប្រឆាំងប្រព័ន្ធរ៉ាដា ហើយអាចធ្វើប្រតិបត្តិការឈ្លបយកការណ៍បានផងដែរ។ យោងតាមប្រភពដដែល យន្តហោះដ្រូននេះអាចធ្វើប្រតិបត្តិការ​ឥតឈប់ នៅរយៈកម្ពស់៧,០០០ម៉ែត្រ បានចម្ងាយរហូតដល់២,០០០គីឡូម៉ែត្រ ដែលមានន័យថា វាមានសមត្ថភាពហោះដល់ប្រទេសអ៉ីស្រាអែល។

គួរបញ្ជាក់ថា ដ្រូនខាងលើ គឺជាស៊េរីថ្មីចុងក្រោយគេនៃត្រកូលយន្តហោះដ្រូន Mohajer ដែលអ៉ីរ៉ង់អភិវឌ្ឍឡើងដំបូង តាំងពីអំលុងសង្រ្គាម​រយៈពេល៨ឆ្នាំ ជាមួយប្រទេសអ៉ីរ៉ាក់ កាលពីទសវត្សរ៍ឆ្នាំ១៩៨០៕