(ញូដេលី)៖ នៅថ្ងៃពុធនេះ ឥណ្ឌាកំពុងតែត្រៀមលក្ខណៈ សម្រាប់ការព្យាយាមថ្មីចុងក្រោយបំផុតរបស់ខ្លួន ដើម្បីចុះចតយានរ៉ូបូតទៅលើ ផ្ទៃរបស់ព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

យានរ៉ូបូតនៃបេសកកម្ម Chandrayaan-3 ត្រូវបានកំណត់ថា នឹងធ្វើការចុះចតទៅលើផ្ទៃព្រះចន្ទ នាខ្ទង់វេលាម៉ោង៦យប់ថ្ងៃពុធនេះ (ម៉ោងក្នុងទីក្រុងញូដេលី) នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលមានការសិក្សាស្រាវជ្រាវតិចតួចប៉ុណ្ណោះ។ បើជោគជ័យ ឥណ្ឌានឹងក្លាយ​ជាប្រទេសដំបូងគេ ដែលបានយកយានទៅដល់តំបន់នោះ ហើយនឹងជាប្រទេសទី៤ ដែលបានចុះចតយានដោយសុវត្ថិភាពលើផ្ទៃព្រះចន្ទ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងកន្លងមករបស់ឥណ្ឌា ដើម្បីចុះចតយានលើផ្ទៃព្រះចន្ទ ធ្លាប់បានទទួលបរាជ័យ កាលពីឆ្នាំ២០១៩ ខណៈកាលពី​ប៉ុន្មានថ្ងៃមុននេះ រុស្ស៉ីក៏ទើបតែទទួលបរាជ័យផងដែរ ក្នុងការប៉ុនប៉ងចុះចតយានរ៉ូបូតទៅលើទីនោះ ដោយវាគឺជាបេសកកម្មឋានព្រះចន្ទ​លើកទីមួយសម្រាប់ទីក្រុងមូស្គូ គិតក្នុងរយៈពេលប្រមាណជិត៥០ឆ្នាំ៕