(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ហានិភ័យនៃអតិផរណាកំពុងកើនឡើង ហើយលោកបានប្រាប់ មន្រ្តីរដ្ឋាភិបាល និងធនាគារកណ្តាល ត្រូវធ្វើយ៉ាងណាគ្រប់គ្រងរក្សាស្ថានភាពនេះឲ្យបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

ការគំរាមកំហែងពីការកើនឡើងនូវទំនិញឡើងថ្លៃ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនរុស្ស៉ី គឺជាក្តីកង្វល់សម្រាប់លោក ពូទីន ចំពោះមុខ ការបោះឆ្នោតនៅខែមីនា ឆ្នាំ២០២៤។ ក្នុងពេលជាមួយគ្នានេះ ថវិការបស់រុស្ស៉ី ក៏កំពុងស្ថិតក្រោមភាពតានតឹង ដោយសារតែការចំណាយលើសង្រ្គាម នៅអ៊ុយក្រែន ហើយកាលពីសប្តាហ៍មុនធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃប្រាក់រូប្លិ៍។

ថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់មន្ត្រីរដ្ឋាភិបាល លោក ពូទីន បានគូសបញ្ជាក់ថា «ទំហំ និងភាពស្មុគស្មាញនៃកិច្ចការដែលយើងកំពុង និងបន្តដោះស្រាយ គឺពិតជាមិនធម្មតាឡើយ។ ទោះបីស្ថានភាពជារួមមានស្ថិរភាព ប៉ុន្តែទាមទារឲ្យមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន និងធ្វើការសម្រេចចិត្តបានទាន់ពេលវេលា»

គួរបញ្ជាក់ថា កត្តាឱនភាពថវិកាធ្ងន់ធ្ងរ និងការខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង បានរួមចំណែកដល់ការកើនឡើងនូវអតិផរណានៅរុស្ស៉ី ក្នុងរយៈពេលពេញ មួយឆ្នាំកន្លងមកនេះ៕