(វ៉ាស៊ីនតោន)៖ សេតវិមាន បានទទួលស្គាល់ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ខណៈអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងធ្វើដំណើរទៅកាន់ទីក្រុង ហ្សាការតា ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានប្រកាសពីដំណើរទស្សនកិច្ចខាងលើនៅថ្ងៃអង្គារសប្ដាហ៍នេះ ចំពេលក្រុមប្រទេស BRICS រួមមានប្រេស៊ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង បើកកិច្ចប្រជុំកំពូលក្នុងទីក្រុង Johannesburg។ នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន ជុំវិញការរិះគន់ចំពោះអវត្តមានរបស់លោក ចូ បៃដិន ថាអាចនឹងបង្កជាការសង្ស័យលើការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ ប្រឈមមុខនឹងការពង្រីកឥទ្ធិពលចិនក្នុងតំបន់ លោក Sullivan បានបញ្ជាក់ថាការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពរឹងមាំ ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៩ ខែសីហាកន្លងទៅ បានរាយការណ៍ថាលោក ចូ បៃដិន ទំនងជានឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនោះទេ ហើយដែលនេះអាចនឹងបង្កការខកចិត្តសម្រាប់ប្រទេសក្នុងតំបន់មួយចំនួន៕