(ចូហាន់ណេស្បឺគ)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវឱ្យមានការពង្រីកសមាជិកបន្ថែមនៃក្រុមប្រទេស BRICS ដើម្បីកសាងសណ្ដាប់ធ្នាប់ អន្តរជាតិមួយកាន់តែមានភាពយុត្តិធម៌ និងស្មើភាពជាងមុន ជាមួយការសង្កត់ធ្ងន់ថា «អនុត្តរភាពនិយម» មិនមាននៅក្នុង DNA របស់ចិននោះទេ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាមួយនាឱកាសចាប់ផ្ដើមកិច្ចប្រជុំកំពូល BRICS ក្នុងទីក្រុង ចូហាន់ណេស្បឺគ (Johannesburg) នៃប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃអង្គារ ទី២២ ខែសីហា (ម៉ោងក្នុងតំបន់) លោក ស៊ី ជិនពីង បាននិយាយថាចិនមិនមានបំណងចូលរួមក្នុងក្នុងការប្រកួតប្រជែងកំពូលមហាអំណាច ឬក៏បង្កើតប្លុកប្រឈមមុខ ដាក់គ្នានោះឡើយ។ «ចិនប្រកាន់ជំហរយ៉ាងរឹងមាំលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងជឿជាក់ថាបុព្វហេតុយុត្តិធម៌គួរតែត្រូវបានប្រកាន់ខ្ជាប់ ដើម្បីផលប្រយោជន៍ រួម»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ទៅកាន់វេទិកាធុរកិច្ចមួយ តាមរយៈសុន្ទរកថារបស់លោកផ្ទាល់ដែលត្រូវបានប្រគល់ជូន ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ (Wang Wentao)។

គួរបញ្ជាក់ថា​ មិនមានការបញ្ជាក់ឱ្យច្បាស់ថាតើហេតុអ្វីបានជាលោក ស៊ី ជិនពីង មិនចូលរួមដោយផ្ទាល់ក្នុងវេទិកាធុរកិច្ចខាងលើនោះទេ ខណៈប្រធានាធិបតី អាហ្វ្រិកខាងត្បូង ប្រធានាធិបតីប្រេស៊ីល និងនាយករដ្ឋមន្ត្រីឥណ្ឌា សុទ្ធតែមានវត្តមានក្នុងវេទិកានោះ៕