(មូស្គូ)៖ អតីតប្រធានាធិបតី និងបច្ចុ​ប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បាននិយាយថាទីក្រុង មូស្គូ អាចនឹងបញ្ចូលតំបន់ផ្ដាច់ខ្លួន អូសសេទីខាងត្បូង (South Ossetia) និងតំបន់អាប់កាហ្ស៉ី (Abkhazia) ជាដែនដីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោក ម៉េដវ៉េដេវ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២៣ ខែសីហានេះ ដោយកាសែត Argumenty I Fakty។ អតីតប្រធានាធិបតីរុស្ស៉ីរូបនេះបានគូសបញ្ជាក់ដូច្នេះថា «គំនិតចូលរួមជាមួយរុស្ស៉ីនៅតែមានប្រជាប្រិយ នៅក្នុងតំបន់អាប់កាហ្ស៉ី និងអូសសេទីខាងត្បូង...វាអាចកើតឡើងភ្លាមៗ ប្រសិនបើមានហេតុផលសមរម្យសម្រាប់ធ្វើរឿងមួយនេះ»

គួរបញ្ជាក់ថា ហ្សកហ្ស៉ី បានបាត់បង់ការគ្រប់គ្រងលើតំបន់ អូសសេទីខាងត្បូង (South Ossetia) និងតំបន់អាប់កាហ្ស៉ី (Abkhazia) នៅក្រោយការដួលរលំ អតីតសហភាពសូវៀត។ ទីក្រុងមូស្គូ បានទទួលស្គាល់ឯករាជ្យនៃតំបន់ទាំង២នេះ ក្នុងឆ្នាំ២០០៨ ក្រោយហ្សកហ្ស៉ីព្យាយាមគ្រប់គ្រងតំបន់អូសសេទីខាងត្បូង ដោយប្រើកម្លាំងបាយ ដែលនាំទៅរកសង្រ្គាមជាមួយរុស្ស៉ីក្នុងឆ្នាំដដែលនោះ៕