(ឡុងដ៍)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេស បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថាការវាយប្រហារដោយយន្ដហោះដ្រូនកាលពីចុងសប្ដាហ៍កន្លងទៅ លើព្រលានយន្ដហោះមួយក្នុងទឹកដីរុស្ស៉ី ដែលទីក្រុងមូស្គូចោទថាជាស្នាដៃរបស់អ៊ុយក្រែន ទំនងជាបានបំផ្លាញយន្ដហោះទម្លាក់គ្រាប់បែក TU-22មួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

អ៊ុយក្រែន ជាធម្មតាមិនដែលធ្វើអត្ថាធិប្បាយថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារលើទឹកដីរុស្ស៉ីនោះទេ។ ប៉ុន្តែកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ នេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន GUR បាននិយាយថាខ្លួនទទួលបន្ទុកលើការវាយប្រហារលើព្រលានយន្ដហោះយោធារុស្ស៉ី សាយកូវកា (Shaykovka) ស្ថិតក្នុងតំបន់ កាលូហ្កា (Kaluga)។

បើតាម GUR រុស្ស៉ីបានប្រើប្រាស់យន្ដហោះទម្លាក់គ្រាប់បែក TU-22 ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅនានា នៅទូទាំងប្រទេសអ៊ុយក្រែនដោយប្រើអាវុធ និងគ្រាប់បែកទូទៅធម្មតា។

គួរបញ្ជាក់ថា យន្ដហោះទម្លាក់គ្រាប់បែក TU-22 មានសមត្ថភាពវាយប្រហារទាំងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកធម្មតា ហើយប្រសិនបើ ការបំផ្លិចបំផ្លាញខាងលើគឺជាការពិតមែន នោះវាមានន័យថាយន្ដហោះទម្លាក់គ្រាប់បែកទាំងនេះងាយរងគ្រោះនឹងការវាយប្រហារដោយយន្ដហោះដ្រូន៕