(ប៉េកាំង)៖ សហរដ្ឋអាមេរិក បានសម្រេចដកការរឹតត្បិតលើក្រុមហ៊ុន និងអង្គភាពរបស់ចិនចំនួន ២៧ មុនពេលដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ក្នុងការដកក្រុមហ៊ុនចិនចំនួន ២៧ ចេញពី «បញ្ជីមិនបានផ្ទៀងផ្ទាត់» នៃការត្រួតពិនិត្យការនាំចេញ វានឹងផ្តល់ប្រយោជន៍ដល់ពាណិជ្ជកម្មទ្វេភាគី។

ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ដរាបណាភាគីទាំងពីរអនុវត្តតាមគោលការណ៍ នៃកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ នោះនឹងអាចស្វែងរកដំណោះស្រាយដែលផ្តល់ផលប្រយោជន៍ជាច្រើន ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា លោកស្រី Raimondo ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅចុងខែសីហានេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃដិន ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

ចំណែកឯ ចិនក៏ហាក់ដូចជាកំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងផងដែរ។ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រាប់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន ដែលបានបំពេញទស្សនកិច្ចកាលពីថ្ងៃចន្ទថា សេដ្ឋកិច្ចទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងគ្នា៕