(កូឡុំបូ)៖ នាយករដ្ឋមន្ត្រីស្រីលង្កា លោក Dinesh Gunawadna បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលស្រីលង្កាបានសម្រេចចិត្តចាត់ទុកស្ថានភាពទឹកស្អាតរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ជាបញ្ហាធ្ងន់ធ្ងរមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

លោក Gunawadna បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលបានតែងតាំងគណៈកម្មាធិការប្រតិបត្តិការគ្រាអាសន្នមួយ ដើម្បីអនុវត្តផែនការដ៏ទូលំទូលាយមួយសម្រាប់ការធានាបាននូវការប្រើប្រាស់ល្អបំផុតសម្រាប់ទឹកស្អាតដែលមាន។

លោកបាននិយាយទៀតថា គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដោយលេខាធិការមកពីក្រុមប្រឹក្សាផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូជាតិ ក្រសួងធារាសាស្ត្រ និងទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀត។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមប្រឹក្សាផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូជាតិរបស់ប្រទេសស្រីលង្កា បានជំរុញសាធារណៈជនឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈដែលសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះដល់ទៅ ៩ភាគរយ៕