(នីហ្សេ)៖ សហភាពអាហ្រ្វិក (AU) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះថា ខ្លួនបានផ្អាកសកម្មភាពទាំងអស់របស់ប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី ២៦ ខែកក្កដា ដោយបានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួន ឱ្យមេដឹកនាំរដ្ឋប្រហារ ដោះលែងប្រធានាធិបតីជាប់ឆ្នោត លោក Mohamed Bazoum ហើយត្រឡប់ទៅបន្ទាយរបស់ពួកគេវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។
សហភាពអាហ្រ្វិក (AU) ក៏បានអំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់ និងសហគមន៍អន្តរជាតិ បដិសេធពីសកម្មភាពណាមួយ ដែលអាចផ្តល់ភាពស្របច្បាប់ដល់របបយោធានៅនីហ្សេ និងបង្ហាញការប្រឆាំងយ៉ាងខ្លាំងរបស់ខ្លួន ចំពោះការជ្រៀតជ្រែកពីតួអង្គ ឬប្រទេសណាមួយនៅក្រៅទ្វីបអាហ្វ្រិកផងដែរ។
ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខនៃសហភាពអាហ្រ្វិក បានកត់សម្គាល់ពីការសម្រេចចិត្តរបស់ប្លុកអាហ្វ្រិកខាងលិច (ECOWAS) ដែលថា ប្លុកនេះអាចនឹងធ្វើអន្តរាគមន៍យោធាក្នុងប្រទេសនេះ ក្នុងករណីកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យ ហើយបានស្នើឲ្យគណៈកម្មការសហភាពអាហ្វ្រិក វាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងសន្តិសុខនៃការពង្រាយកម្លាំងបែបនេះ។
គួរជម្រាបថា សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច ដែលហៅកាត់ថា ECOWAS បាននិងកំពុងព្យាយាមចរចាជាមួយរបបយោធា ប៉ុន្តែនិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសនីហ្សេ ដើម្បីស្តារសណ្តាប់ធ្នាប់ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យ។
រដ្ឋប្រហារកាលពីខែមុនក្នុងប្រទេសនីហ្សេ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសម្ព័ន្ធមិត្តលោកខាងលិច និងរដ្ឋអាហ្វ្រិកប្រជាធិបតេយ្យ ដែលភ័យខ្លាចថា វាអាចអនុញ្ញាតឱ្យក្រុមអ៊ីស្លាមសកម្មនៅក្នុងតំបន់ Sahel ពង្រីកវិសាលភាពរបស់ពួកគេ និងផ្តល់ឱ្យរុស្ស៊ីនូវជំហរដើម្បីបង្កើនឥទ្ធិពលក្នុងតំបន់៕