(ចូហាន់ណេសបឺគ)៖ បណ្តាមេដឹកនាំនៃសមាគមប្រទេស BRICS ដូចជាប្រេស៉ីល រុស្ស៉ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង គ្រោងបើកកិច្ចប្រជុំកំពូលក្នុងទីក្រុងចូហាន់ណេសបឺគ (Johannesburg) នៅថ្ងៃអង្គារនេះ ដើម្បីថ្លឹងថ្លែងលើការពង្រីកសមាជិកភាព ខណៈដែលសមាជិកមួយចំនួនបានជំរុញឲ្យប្លុកនេះ ទប់ទល់នឹងឥទ្ធិពលលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

ការកើនឡើងនូវភាពតានតឹងជាសកល ដែលបង្កឡើងដោយសារតែសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ក៏ដូចជាការប្រជែងឥទ្ធិពល រវាងសហរដ្ឋអាមេរិក និងចិន បានបន្ថែមភាពបន្ទាន់ឲ្យមានការពង្រឹងប្លុកនេះ ដែលពេលខ្លះបានទទួលរងឥទ្ធិពលពីការបែកបាក់ផ្ទៃក្នុង រួមទាំងការខ្វះខាតចក្ខុវិស័យរួមគ្នា។

នៅមុនពេលបើកកិច្ចប្រជុំកំពូល ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បានគូសបញ្ជាក់ថា «ការពង្រីកខ្លួនរបស់ BRICS នឹងតំណាងឲ្យក្រុមចម្រុះនៃប្រជាជាតិមួយ ដែលមានប្រព័ន្ធនយោបាយផ្សេងៗពីគ្នា ប៉ុន្តែចង់ចែករំលែកនូវបំណងប្រាថ្នារួម ក្នុងការធ្វើឲ្យសណ្តាប់ធ្នាប់ពិភពលោក មានតុល្យភាពជាងមុន»

គួរបញ្ជាក់ថា លោក រ៉ាម៉ាហ្វូសា បានទទួលស្វាគមន៍ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ខណៈប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី នឹងមកចូលរួមកិច្ចប្រជុំកំពូល BRICS ដោយផ្ទាល់ លើកលែងតែលោក ពូទីន ដែលស្ថិតក្រោមដីការចាប់ខ្លួនរបស់ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ៕