(បាងកក)៖ នៅទីបំផុតទៅ សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃហើយ នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ដែលនេះនឹងនាំទៅរកការបិទបញ្ចប់ភាពជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោតសកលកាលពីខែឧសភាមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
សភាថៃបានកោះប្រជុំសាជាថ្មី ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី៣០ របស់ថៃ នៅរសៀលថ្ងៃអង្គារនេះ ចំពេលនៃការវិលត្រឡប់ចូលស្រុកថៃវិញ របស់លោក ថាក់ស៊ីន ដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៨ឆ្នាំ និងក្រោយរស់នៅនិរទេសខ្លួនអស់ជាង ១៥ឆ្នាំ។ លទ្ធផលបោះឆ្នោតបង្ហាញថាសមាជិកព្រឹទ្ធសភា និងរដ្ឋសភាលើស ៣៧៥រូប បានបោះឆ្នោតគាំទ្រលោក Srettha។
ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក Srettha ត្រូវការសំឡេងគាំទ្រចំនួនយ៉ាងហោច ៣៧៥សំឡេង ដែលស្មើនឹងសំឡេងលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ សរុបបញ្ចូលគ្នា។ រដ្ឋសភាថៃមានអាសនៈសរុបចំនួន៥០០ ខណៈព្រឹទ្ធសភាមាន ២៤៩អាសនៈ។
លោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់ មកពីគណបក្សភឿថៃ ក្នុងការបោះឆ្នោតនៅសភាថៃ នៅថ្ងៃអង្គារនេះ៕