(កាប៊ុល)៖ ស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃអង្គារនេះថា សមាជិកជាង ២០០នាក់នៃអតីតមន្រ្តីយោធា មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ត្រូវបានសម្លាប់ចាប់តាំងពីក្រុមតាលីបង់ វិលមកគ្រប់គ្រងប្រទេសសារជាថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

ជំនួយការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាន បានបញ្ជាក់ថា «ករណីភាគច្រើន គឺបុគ្គលទាំងនោះ ត្រូវបានឃុំខ្លួនរយៈពេលខ្លី ដោយកងកម្លាំងសន្តិសុខ មុនពេលត្រូវសម្លាប់»។ កន្លងមក មន្រ្តីជាន់ខ្ពស់តាលីបង់ ធ្លាប់បាននិយាយថា មានការលើកលែងទោសដល់អតីតមន្ត្រីរដ្ឋាភិបាល និងសមាជិកយោធា តាមបទបញ្ជានៃមេដឹកនាំកំពូលរបស់ពួកគេ។ ក្រុមតាលីបង់ ក៏បានបដិសេធចំពោះការសម្លាប់ក្រៅប្រព័ន្ធតុលាការ ឬកំណត់គោលដៅលើយុទ្ធជន ឬធ្លាប់បម្រើការឲ្យអតីតរដ្ឋាភិបាលស៉ីវិលអាហ្វហ្កានីស្ថាន​ ផងដែរ។

គួរបញ្ជាក់ថា ក្នុងរបាយការណ៍របស់ស្ថានបេសកកម្មរបស់អង្គការសហប្រជាជាតិ បានកត់ត្រាពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការចំនួន ២១៨នាក់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមតាលីបង់ ចាប់តាំងពីចូលកាន់កាប់អាហ្វហ្កានីស្ថាន នៅពាក់កណ្តាលឆ្នាំ ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២៣៕