(សិង្ហបុរី)៖ នៅថ្ងៃអង្គារនេះ បេក្ខជនសរុបចំនួន៣រូប ត្រូវបានតែងតាំងឱ្យឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសសិង្ហបុរី នាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។
បេក្ខជនទាំង៣ រួមមានលោក ថាម៉ាន សានមូហ្ការ៉ាតណាម (Tharman Shanmugaratnam) អាយុ៦៦ឆ្នាំ ដែលជាអតីតទេសរដ្ឋមន្រ្តីសិង្ហបុរី។ បេក្ខជនម្នាក់ទៀតគឺ លោក អិន កុកសុង (Ng Kok Song) អាយុ៧៥ឆ្នាំ ធ្លាប់មានកាន់តំណែងជានាយកផ្នែកវិនិយោគរបស់ក្រុមហ៊ុន GIC ដែលទទួលបន្ទុកគ្រប់គ្រងលើទុនបម្រុងអន្តរជាតិរបស់ប្រទេសសិង្ហបុរី។ រីឯបេក្ខជនចុងក្រោយគេ គឺមហាសេដ្ឋី លោក តាន គីនលៀន (Tan Kin Lian) អាយុ៧៥ឆ្នាំ ជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន NTUC Incom ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំមួយរបស់សិង្ហបុរី។ លោក តាន ក៏ធ្លាប់ទទួលបរាជ័យក្នុងការប្រជែងតំណែងប្រធានាធិបតី កាលពីឆ្នាំ២០១១ផងដែរ។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសិង្ហបុរីអាណត្តិថ្មីនេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែកញ្ញាខាងមុខ គឺជាការបោះឆ្នោតដំបូងបង្អស់ ក្នុងរយៈពេលប្រមាណជា១ទសវត្សរ៍ ដែលបេក្ខជនលើសពីម្នាក់ ត្រូវបានតែងតាំងឱ្យឈរឈ្មោះ។ កាលពីឆ្នាំ២០១៧ ប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្ន លោកស្រី ហាលីម៉ា យ៉ាកូប (Halimah Yacob) គឺត្រូវបានតែងតាំងជាបេក្ខជនតែម្នាក់គត់ ជាហេតុនាំឱ្យលោកស្រីជាប់ដោយស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី ស្ថិតក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នគឺជា លោក លី សៀនឡុង (Lee Hsien Loong)។ ប្រធានាធិបតីសិង្ហបុរី គឺជាប្រមុខរដ្ឋ និងមានអំណាចមួយចំនួន ដូចជាសិទ្ធិវេតូចំពោះការតែងតាំងមន្រ្តីសម្រាប់តំណែងសំខាន់ៗ ហើយអាចអនុញ្ញាតឱ្យបើកការស៉ើបអង្កេតអំពើពុករលួយបាន បើទោះបីជានាយករដ្ឋមន្រ្តីបដិសេធធ្វើបែបនោះក៏ដោយ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីសិង្ហបុរី ក៏មានតួនាទីមើលការខុសត្រូវលើ ទុនបម្រុងអន្តរជាតិរបស់ប្រទេសផងដែរ ដែលអាចត្រូវដកយកទៅប្រើប្រាស់ តែក្នុងកាលៈទេសៈសំខាន់ៗបំផុតប៉ុណ្ណោះ ដូចជាអំលុងវិបត្តិកូវីដ១៩ និងវិបត្តិហិរញ្ញវត្ថុអន្តរជាតិឆ្នាំ២០០៩ ជាដើម៕