(បាងកក)៖ នៅរសៀលថ្ងៃអង្គារនេះ សភាថៃបានចាប់ផ្តើមប្រព្រឹត្តទៅហើយ នូវដំណើរការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី បន្ទាប់ពីការបោះឆ្នោតសកល កាលពីខែឧសភា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។
ការបោះឆ្នោតខាងលើនឹងធ្វើការសម្រេចទៅលើ ឱកាសក្លាយជានាយករដ្ឋមន្រ្តីរបស់ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ដែលត្រូវបានតែងតាំងដោយគណបក្ស ភឿថៃ (Pheu Thai)។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ Pheu Thai បានអះអាងថា ខ្លួនធានាបានសំឡេងគាំទ្រសរុប៣១៧សំឡេង នៅរដ្ឋសភា សម្រាប់លោក Thavisin។ ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីបាន លោក Thavisin ត្រូវការសំឡេងគាំទ្រចំនួនយ៉ាងហោច៣៧៥សំឡេង ដែលស្មើនឹងសំឡេងលើសពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ សរុបបញ្ចូលគ្នា។ ដូច្នេះមានន័យថា រូបលោកត្រូវការសំឡេងគាំទ្រ៥៨ទៀត ពីសមាជិកព្រឹទ្ធសភា។ រដ្ឋសភាថៃមានអាសនៈសរុបចំនួន៥០០ ខណៈព្រឹទ្ធសភាមាន ២៤៩អាសនៈ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃនាថ្ងៃអង្គារនេះ គឺជាការបោះឆ្នោតជុំថ្មីចុងក្រោយបំផុត បន្ទាប់ពីគណបក្ស Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកល បានទទួលបរាជ័យដល់ទៅ២លើក កាលពីខែកក្កដា ក្នុងការព្យាយាមឱ្យមេដឹកនាំរបស់ខ្លួន គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែការរារាំងពីសំណាក់ ក្រុមសមាជិករដ្ឋសភានៃបណ្តាគណបក្សអភិរក្សនិយម និងក្រុមសមាជិកព្រឹទ្ធសភា។ Pheu Thai គឺជាគណបក្ស ដែលឈ្នះបានអាសនៈច្រើនជាងគេលំដាប់ទី២ ក្នុងការបោះឆ្នោតសកល បន្ទាប់ពី Move Forward៕