(តូក្យូ)៖ នៅថ្ងៃអង្គារនេះ ជប៉ុនបាននិយាយថា ខ្លួននឹងចាប់ផ្តើមបញ្ចេញទឹកផ្ទុកសារធាតុវិទ្យុសកម្ម មកពីស្ថានីយថាមពលនុយក្លេអ៊ែរ Fukushima ដែលបានរងការខូចខាតអំលុងមហន្តរាយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ២០១១ ចូលទៅក្នុងមហាសមុទ្រ នៅថ្ងៃទី២៤ ខែសីហា បើទោះបីជាមានការរិះគន់ពីប្រទេសជិតខាង និងការបង្ហាញក្តីបារម្ភពីក្រុមអ្នកនេសាទ នៅក្នុងប្រទេសផ្ទាល់ក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋាភិបាលជប៉ុនបានអះអាងថា ខ្លួនទទួលបានការយោគយល់ពីឧស្សាហកម្មនេសាទជប៉ុន ជុំវិញការបញ្ចេញ​ទឹកសំណល់នុយក្លេអ៊ែរ ប៉ុន្តែសមាគមនេសាទមួយចំនួន នៅតែមានក្តីបារម្ភថា ទង្វើនេះនឹងធ្វើឱ្យខូចមុខមាត់នៃផលិតផលនេសាទ​របស់ប្រទេសជប៉ុន ហើយជាលទ្ធផលនឹងធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ពួកគេ។ កន្លងមក ទីក្រុងតូក្យូបានអះអាងថា ការបញ្ចេញទឹក​នោះគឺមានសុវត្ថិភាព ដ្បិតវាបានឆ្លងការធ្វើប្រព្រឹត្តកម្មរួចហើយ។ រីឯអង្គការអាតូមិចអន្តរជាតិ IAEA ដែលបានផ្តល់ភ្លើងបៃតងចំពោះផែនការ​របស់ជប៉ុនកាលពីខែកក្កដា ​បាននិយាយថា វាត្រឹមត្រូវតាមស្តង់ដារអន្តរជាតិ ហើយផលប៉ះពាល់ដែលអាចកើតមាន ចំពោះមនុស្សនិង​បរិស្ថាន គឺតិចតួចបំផុត។

គួរបញ្ជាក់ថា ប្រទេសជិតខាងមួយចំនួនរបស់ជប៉ុន ក៏បានបង្ហាញក្តីបារម្ភនិងបញ្ចេញមតិរិះគន់ ជុំវិញសុវត្ថិភាពនៃការបញ្ចេញទឹកសំណល់​​វិទ្យុសកម្មរបស់ទីក្រុងតូក្យូផងដែរ ជាពិសេសគឺទីក្រុងប៉េកាំង។ កាលពីខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ជប៉ុនមានភាពអត្មានិយមនិងក្រអឺតក្រទម ហើយពុំបានប្រឹក្សាយោបល់ពេញលេញ ជាមួយសហគមន៍អន្តរជាតិ អំពីរឿងនេះទេ។ ចិនបាន​ដាក់បម្រាមលើផលិតផលគ្រឿងសមុទ្រ ពីខេត្តចំនួន១០របស់ជប៉ុន ក្នុងនោះរួមមានទាំងខេត្ត Fukushima និងរាជធានីតូក្យូ។ សម្រាប់​ផលិតផលគ្រឿងសមុទ្រនាំចូលពីខេត្តដទៃទៀតរបស់ជប៉ុន គឺត្រូវបានអនុញ្ញាតប៉ុន្តែត្រូវឆ្លងកាត់ ការធ្វើតេស្តកម្រិតសារធាតុវិទ្យុសកម្ម និង​មានភ្ជាប់ភស្តុតាងច្បាស់លាស់ បង្ហាញថាពួកវាពិតជាត្រូវបានផលិត នៅក្រៅខេត្តទាំង១០ ដែលជាប់បម្រាម៕