(បាងកក)៖ អ្នកនាងផែ ថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលត្រូវបានថតនៅក្នុងបន្ទប់ VIP នៃអាកាស យានដ្ឋាន Don Muang ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ ទី២២ ខែសីហានេះ ដោយបង្ហាញពីឪពុករបស់អ្នកនាង គឺលោក ថាក់ស៊ីន កំពុងជួបជុំជាមួយចៅៗ កូនប្រសារ និងកូនបង្កើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS។

នៅលើទំព័រ Facebook អ្នកនាង ផែថងថាន ក៏បានសរសេរសំណេអមជាមួយរូបភាពផងដែរថា «ស្វាគមន៍ ការត្រឡប់មកកាន់ប្រទេសថៃ លោកឪពុក»។ អ្នកនាងក៏បានអរគុណផងដែរដល់ក្រុមអ្នកគាំទ្រដែលបានមកទទួលស្វាគមន៍លោក ថាក់ស៊ីន។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃដែលបានរស់នៅនិរទេសខ្លួនឯង នៅឯបរទេសអស់ជាង ១៥ឆ្នាំ បានត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃអង្គារនេះ។ ពេលមកដល់អាកាសយានដ្ឋាន Don Muang លោក ថាក់ស៊ីន បានឱនគោរពបានឱនគោរពព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ និងមួយ សន្ទុះក្រោយមក ទើបប៉ូលិសថៃនាំលោក ថាក់ស៊ីនឡើងរថយន្ដឆ្ពោះទៅកាន់តុលាការកំពូលថៃ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ តុលាការកំពូលថៃបានសម្រេចផ្ដន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃវ័យ ៧៤រូបនេះដាក់ពន្ធនាគារ ៨ឆ្នាំ ក្រោម ៣បទចោទប្រកាន់ ក្នុងនោះរួមមានការព្រឹត្តអំពើពុករលួយ។ ប៉ុន្តែ លោក ថាក់ស៊ីន បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយចាត់ទុកថាមានចេតនា នយោបាយតែប៉ុណ្ណោះ៕