(តៃប៉ិ)៖ តៃវ៉ាន់បានចេញមុខប្រតិកម្មនៅថ្ងៃអង្គារនេះ បន្ទាប់ពីសភាអាមេរិកកណ្តាល បានសម្រេចបោះឆ្នោតដកដែនកោះនេះចេញ ហើយដាក់ចិនជំនួសវិញឱ្យធ្វើជា អ្នកសង្កេតកាណ៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។

សភាអាមេរិកកណ្តាល គឺជាស្ថាប័ននយោបាយដែលតំណាងឱ្យប្រទេសចំនួន៦ នៅក្នុងតំបន់មួយ ដែលបានប្រែក្លាយជាកន្លែងសម្រាប់​ការប្រទាញប្រទង់ឥទ្ធិពល រវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សភាអាមេរិកកណ្តាល បានអនុម័តសំណើមួយដែល​ផ្តួចផ្តើមឡើងដោយប្រទេសនីការ៉ាហ្កា ដើម្បីដកតៃវ៉ាន់ពីឋានៈជា អ្នកសង្កេតការណ៍អន្តរជាតិអចិន្រ្តៃយ៍ ហើយជំនួសមកវិញដោយប្រទេសចិន។

ឆ្លើយតបចំពោះការសម្រេចចិត្តនោះ ក្រសួងការបរទេសតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារនេះថា «មេដឹកនាំផ្តាច់ការលោក ដានីញែល អ័រតេហ្កា (Daniel Ortega) បានស្ម័គ្រចិត្តក្លាយជាកូនអុករបស់ចិន ដើម្បីរឹបអូសសិទ្ធិរបស់យើង នៅក្នុងសភាអាមេរិកកណ្តាល»។ តៃវ៉ាន់បានបន្តថា ទង្វើខាងលើក៏រំលេចឱ្យឃើញផងដែរ អំពីចេតនារបស់ចិន ក្នុងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ នៅតំបន់អាមេរិកកណ្តាល ក៏ដូចជាមហិច្ឆតាចិនដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថា នៅក្នុងសភាអាមេរិកកណ្តាល គឺមានតែក្វាតេម៉ាឡាប៉ុណ្ណោះ ដែលនៅមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ការបោះឆ្នោតដកតៃវ៉ាន់នេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំរងកោះតៃវ៉ាន់ លោក វីលៀម ឡៃ ទើបតែត្រឡប់មកពីបំពេញទស្សនកិច្ច នៅប្រទេសប៉ារ៉ាហ្កាយវិញ ដែលអំលុងពេលនោះរួមមានការឆ្លៀតចូលទស្សនកិច្ចរយៈពេលខ្លី នៅទីក្រុងចំនួន២របស់សហរដ្ឋអាមេរិក ជាសកម្មភាពដែលបង្កឱ្យមានការខឹងសម្បារពីចិន៕