(ស៊ីដនី)៖ នាវាចម្បាំងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី បានចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយហ្វីលីពីន និងសហរដ្ឋអាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានជម្លោះនៅថ្ងៃចន្ទ (២១ សីហា) នេះ ខណៈដែលពួកគេស្វែងរកការបង្កើនទំនាក់ទំនងការពារជាតិ ចំពោះមុខវត្តមានយោធាដែលកំពុងកើនឡើងរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន APF នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
នាវាចម្បាំងរបស់អូស្ត្រាលី HMAS Canberra គឺជានាវាដ៏ធំបំផុតមួយ ក្នុងចំណោមនាវាជាច្រើន ដែលចូលរួមក្នុងការធ្វើលំហាត់សមយុទ្ធឈ្មោះ Alon នៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវបានធ្វើឡើងជាលើកដំបូង និងជាផ្នែកមួយនៃសកម្មភាពឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រចាំឆ្នាំរបស់ប្រទេសអូស្ត្រាលី។
ទាហានជាង ២,០០០នាក់មកពីអូស្ត្រាលី និងហ្វីលីពីន កំពុងចូលរួមក្នុងសមយុទ្ធផ្លូវអាកាស សមុទ្រ និងផ្លូវគោក ពីថ្ងៃទី១៤ ដល់ថ្ងៃទី៣១ សីហា ។ ហើយក៏មានទាហានម៉ារីនអាមេរិកប្រហែល ១៥០ នាក់ក៏កំពុងចូលរួមផងដែរ។
ការក្លែងធ្វើជាការវាយប្រហារតាមអាកាសនៅថ្ងៃចន្ទនេះ ធ្វើឡើងនៅភាគខាងត្បូងនៃកោះ Palawan របស់ហ្វីលីពីន ដែលមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីប្រជុំកោះ Spratly ដែលជាកន្លែងមានភាពតានតឹងដ៏យូរអង្វែងមកហើយរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីក៏គ្រោងនឹងធ្វើសមយុទ្ធជើងទឹករួមគ្នា នៅក្រៅប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះផងដែរ។ ប្រទេសចិនដាក់ពង្រាយឆ្មាំឆ្នេរសមុទ្ររាប់រយនាក់ ក៏ដូចជាកងទ័ពជើងទឹក និងនាវាផ្សេងទៀត ដើម្បីល្បាតនៅតំបន់ថ្មប៉ប្រះក្នុងដែនទឹកជម្លោះ ដែលខ្លួនអះអាងថាជារបស់ខ្លួនស្ទើរតែទាំងស្រុង៕