(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបាននិយាយថាលោកនឹងមិនចូលរួម ក្នុងវេទិកាតស៊ូមតិប្រធានាធិបតីលើកដំបូង របស់គណបក្សសាធារណរដ្ឋនោះទេ ដោយអះអាងថាប្រជាជនអាមេរិកបានស្គាល់លោកយ៉ាងច្បាស់រួចទៅហើយ ដូច្នេះគ្មានភាពចាំបាច់ត្រូវចូលរួមក្នុងវេទិកាតស៊ូ មតិជាសាធារណៈជាមួយគូប្រជែងរបស់លោកឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោក លោក ដូណាល់ ត្រាំ ក៏បានអួតផងដែរពីកំណត់ត្រាជោគជ័យជាច្រើន នៅក្នុង អាណត្តិជាប្រធានាធិបតីអាមេរិក និងប្រជាប្រិយភាពរបស់លោកក្នុងចំណោមប្រជាជនអាមេរិក ជាមួយការសង្កត់ធ្ងន់ពីការស្ទង់មតិជាច្រើនដែលបង្ហាញថាលោក នាំមុខដាច់លើបេក្ខជនប្រធានាធិបតីដទៃទៀតនៃគណបក្សសាធារណរដ្ឋ។ តួយ៉ាង ការស្ទង់មតិមួយចេញផ្សាយដោយទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា បានបង្ហាញថាប្រជាជនអាមេរិកដែលត្រូវបានសម្ភាសន៍ មានដល់ទៅ ៦២ភាគរយបាននិយាយថានឹងបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ បើទោះជាលោកត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មណទណ្ឌចំនួន៤លើក ក្នុងឆ្នាំ២០២៣នេះ ក្នុងនោះរួមមានទាំងការចោទប្រកាន់ជុំវិញការព្យាយាម ដោយខុសច្បាប់ដើម្បីកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ដែលបង្ហាញថាលោកចាញ់លោក ចូ បៃដិន។

គួរបញ្ជាក់ថា វេទិកាតស៊ូមតិលើកដំបូង នៅក្នុងចំណោមបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សសាធារណរដ្ឋគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin៕