(កាណាដា)៖ ភ្លើងឆេះព្រៃដែលបានបំបែកឯតទគ្គកម្ម នៅភាគខាងលិចខេត្ត British Columbia នៃប្រទេសកាណាដា ត្រូវបានគេរំពឹងថា នឹងបង្ខំមនុស្សកាន់តែច្រើនចេញពីផ្ទះរបស់ពួកគេក្នុងសប្តាហ៍នេះ ខណៈដែលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រយុទ្ធនឹងភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដែលបានបំផ្លាញទ្រព្យសម្បត្តិ និងបិទផ្នែកខ្លះនៃផ្លូវជាតិដ៏សំខាន់ៗមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។
អាជ្ញាធរតំបន់បានប្រកាសដាក់ខេត្តក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃសុក្រ ដោយផ្តល់ឱ្យមន្ត្រីមានអំណាចបន្ថែមទៀត ដើម្បីដោះស្រាយហានិភ័យអគ្គីភ័យ។ គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកស្រុកជាង ៣៥,០០០នាក់ ស្ថិតនៅក្រោមការបញ្ជាជម្លៀសចេញ ហើយ ៣០០,០០០នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការជូនដំណឹងអំពីការជម្លៀស។
អាជ្ញាធរជំរុញឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ត្រូវជម្លៀសចេញ ត្រូវប្រញាប់ជម្លៀសចេញជាបន្ទាន់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអាយុជីវិតរបស់អ្នកពន្លត់អគ្គីភ័យ។
លោក Daniel Ibe អភិបាលខេត្ត British Columbia កាលពីថ្ងៃសៅរ៍ ក៏បានដាក់បម្រាមលើការធ្វើដំណើរដែលមិនសំខាន់ ហើយបានដាស់តឿនប្រជាពលរដ្ឋកុំធ្វើដំណើរទៅតំបន់ភ្លើង និងប្រើយន្តហោះគ្មានមនុស្សបើកដើម្បីថតរូប ដោយថាការធ្វើបែបនេះនឹងរារាំងដល់ការងាររបស់ក្រុមពន្លត់អគ្គិភ័យ។
ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បានផ្តល់ព័ត៌មានអំពីចំនួនអគារសរុបដែលត្រូវបានបំផ្លាញនៅឡើយទេ៕