(តៃប៉ិ)៖ នៅថ្ងៃសៅរ៍នេះ តៃវ៉ាន់អះអាងថា ខ្លួនបានឃើញយន្តហោះយោធាចិនសរុប៤២គ្រឿង ហោះចូលមកក្នុងតំបន់ការពារដែនអាកាស (ADIZ) របស់ដែនកោះនេះ បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសចាប់ផ្តើមការធ្វើសមយុទ្ធយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នៅសៅរ៍ថ្ងៃនេះ កងកម្លាំងយោធាតៃវ៉ាន់បានប្រទះឃើញ យន្តហោះសរុប៤២គ្រឿងរបស់យោធាចិន ដែលបានហោះចូលមកក្នុងតំបន់ ADIZ របស់តៃវ៉ាន់ ហើយក្នុងចំណោមនោះ២៦គ្រឿង បានឆ្លងខ្សែបន្ទាត់មេដ្យាន​នៃច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកចិនដីគោកនិងកោះតៃវ៉ាន់ ថែមទៀតផង។ ទីក្រុងតៃប៉ិបានបន្ថែមថា ក្រៅពីយន្តហោះ ចិនក៏បានចល័ត​នាវាចម្បាំង៨គ្រឿង ឱ្យចូលរួមធ្វើសមយុទ្ធផងដែរ។

កាលពីព្រឹកថ្ងៃដដែលនេះ យោធាចិនបានប្រកាសពីការធ្វើប្រតិបត្តិការល្បាតនិងសមយុទ្ធរួម រវាងកងកម្លាំងជើងទឹកនិងជើងអាកាស នៅក្បែរ​កោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបាននិយាយថា សមយុទ្ធយោធានេះ គឺជាការព្រមានយ៉ាងរឹងមាំមួយ បន្ទាប់ពីមេដឹកនាំរងតៃវ៉ាន់ លោក វីលៀម ឡៃ បានធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ថ្មីៗនេះ លោក ឡៃ បានឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងញូយ៉ក​ ពេលត្រូវធ្វើដំណើរទៅកាន់ប្រទេសប៉ារ៉ាហ្កាយ ហើយពេលដែលត្រូវត្រឡប់មកវិញ មុនឆ្ពោះមកកាន់ទីក្រុងតៃប៉ិ លោកក៏បានឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូថែមទៀត។ លោក ឡៃ ទើបត្រឡប់មកដល់តៃវ៉ាន់វិញ កាលពីថ្ងៃសុក្រ។

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំនេះ ចិនបានធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ ដែលផ្តោតលើការបិទខ្ទប់កោះតៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី នៅឯរដ្ឋ California៕