(ព្យុងយ៉ាង)៖ នៅថ្ងៃសៅរ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងថ្កោលទោស កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ (UN) នាពេលថ្មីៗនេះ ស្តីពីកំណត់ត្រាសិទ្ធិមនុស្សនៅប្រទេសរបស់ខ្លួន ជាមួយការចោទប្រកាន់ថា​ សហរដ្ឋអាមេរិកបានប្រើប្រាស់ស្ថាប័នកំពូលអន្តរជាតិមួយនេះ សម្រាប់ផែនការប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាសន្តិសុខរបស់ UN បានបើកកិច្ចប្រជុំមួយ ស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយ​ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក​ បាននិយាយរិះគន់ធ្ងន់ៗទៅលើ ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន ដោយចោទថា រូបលោកបានប្រើប្រាស់ការគាបសង្កត់ជិះជាន់និងទង្វើឃោរឃៅ ដើម្បីអភិវឌ្ឍមីស៉ីលបាលិស្ទីគនិងអាវុធនុយក្លេអ៊ែរ។​ ចិនដែលជាសម្ព័ន្ធមិត្ត​ជិតស្និទ្ធរបស់កូរ៉េខាងជើង បានបង្ហាញជំហរប្រឆាំងកិច្ចប្រជុំនោះ ប៉ុន្តែពុំបានព្យាយាមរារាំងមិនឱ្យ កិច្ចប្រជុំប្រព្រឹត្តទៅទេ។

បើតាមសេចក្តីរាយការណ៍របស់ KCNA អ្នកនាំពាក្យម្នាក់នៃស្ថាប័នស្រាវជ្រាវបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង បានលើកឡើងដូច្នេះថា «យើងនឹងគ្មានថ្ងៃអត់ឱនឱ្យដាច់ខាត ចំពោះផែនការរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅមួលប​ង្កាច់ ស្ថានការណ៍សិទ្ធិមនុស្សប្រឆាំងមកលើកូរ៉េខាងជើង ហើយពួកយើងនឹងប្តេជ្ញាការពារអធិបតេយ្យនៃប្រទេសរបស់យើង ព្រមទាំងប្រព័ន្ធសង្គមនិយម និងផលប្រយោជន៍ផ្នែកសន្តិសុខ»

គួរបញ្ជាក់ថា ជាច្រើនទសវត្សរ៍មកហើយ ទីក្រុងព្យុងយ៉ាងបានព្យាយាមគូសរំលេច អំពីបញ្ហារើសអើងពូជសាសន៍នៅសហរដ្ឋអាមេរិក ដែលខ្លួនចាត់ទុកថា គឺជាឧទាហរណ៍ជាក់ស្តែងមួយ នៃភាពលាក់ពុតរបស់ទីក្រុងវ៉ាស៉ីនតោន។ កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងព្យុងយ៉ាងទើបតែបានអះអាងថា ទាហានអាមេរិក Travis King ដែលបានរត់ចូលទឹកដីកូរ៉េខាងជើងកាលពីខែមុន គឺសម្រេចចិត្តធ្វើយ៉ាងដូច្នោះ ដើម្បីគេចពីការរើសអើងពូជសាសន៍និងការបំពានធ្វើបាប នៅឯសហរដ្ឋអាមេរិក៕