(សៀងហៃ)៖ នៅថ្ងៃសៅរ៍នេះ ចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់ ដោយនិយាយថា វាគឺជាការព្រមានម៉ឺងម៉ាត់មួយ ចំពោះកម្លាំងចង់បំបែករដ្ឋនៅដែនកោះនេះ បន្ទាប់ពីមេដឹកនាំរងរបស់តៃវ៉ាន់គឺ លោក វីលៀម ឡៃ (William Lai) បានបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។
លោក ឡៃ ដែលកំពុងជាបេក្ខជនមានប្រជាប្រិយភាពនាំមុខគ្នា សម្រាប់តំណែងជាមេដឹកនាំតៃវ៉ាន់ថ្មី នៅក្នុងការបោះឆ្នោតនាដើមឆ្នាំក្រោយ ទើបត្រឡប់មកពីសហរដ្ឋអាមេរិកវិញ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ តាមពិតទៅ ជាផ្លូវការ លោក ឡៃ បានឆ្លៀតចូលទស្សនកិច្ចតែមួយភ្លែតប៉ុណ្ណោះ នៅទីក្រុងញូយ៉កនិងទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូរបស់អាមេរិក ក្នុងឱកាសដែលរូបលោកធ្វើដំណើរទៅនិងមកពីប្រទេសប៉ារ៉ាហ្កាយ។
យោធាចិនភូមិភាគខាងកើតដែលទទួលបន្ទុកលើតំបន់នៅក្បែរកោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ ខ្លួនបានធ្វើប្រតិបត្តិការល្បាតសំដៅពង្រឹងលក្ខណៈប្រយុទ្ធរួម រវាងកងកម្លាំងជើងទឹកនិងជើងអាកាស ហើយក៏បានចាប់ផ្តើមការធ្វើសមយុទ្ធយោធា និងការហ្វឹកហ្វាត់រួមរវាងកងកម្លាំងផ្នែកទាំងពីរផងដែរ។ យោធាចិនបានបន្ថែមយ៉ាងដូច្នេះថា «នេះគឺជាការព្រមានយ៉ាងម៉ឺងម៉ាត់មួយ ប្រឆាំងនឹងកម្លាំងប៉ុនបំបែករដ្ឋដើម្បីឯករាជ្យនៅតៃវ៉ាន់ ដែលគប់គិតជាមួយកម្លាំងខាងក្រៅ ដើម្បីបង្កហេតុ»។
គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ខណៈសហរដ្ឋអាមេរិក ដែលពុំមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ក៏ដោយនោះ គឺជាខ្នងបង្អែកអន្តរជាតិដ៏រឹងមាំបំផុតរបស់តៃវ៉ាន់ ហើយមានកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីជួយផ្តល់មធ្យោបាយឱ្យដែនកោះនេះការពារខ្លួនឯង។ ប្រមាណជា៣ឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនការដាក់សម្ពាធយោធាជាខ្លាំងលើតៃវ៉ាន់ តាមរយៈការចល័តយន្តហោះនិងនាវាយោធា ឱ្យទៅក្បែរដែនកោះនេះ។ កាលពីខែមេសា ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានត្រឡប់មកពីរដ្ឋ California ជាទីដែលលោកស្រីបានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី អំលុងពេលឆ្លៀតចូលទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅតាមផ្លូវមកពីបំពេញទស្សនកិច្ចនៅតំបន់អាមេរិកកណ្តាលវិញ៕