(នីញ៉ាមេ)៖ សហភាពអាហ្រ្វិក African Union ហៅកាត់ថា AU ដែលមានសមាជិក៥៥ប្រទេស និងក្រុមសហគមន៍ ECOWAS ក្នុងទ្វីបអាហ្វ្រិក ដែលមានសមាជិក១៥ប្រទេស បានបង្ហាញនូវការមិនយល់ស្របគ្នា ចំពោះអ្វីដែលមានការ​ចង់ធ្វើអន្តរាគមន៍យោធាពីបរទេសចូលក្នុងទឹកដីនីហ្សេ ដែលបានធ្វើរដ្ឋប្រហារយោធាទម្លាក់ប្រធានាធិបតីកាលពីចុងខែកក្កដាកន្លងមក។ តើភាពប្រទាំងប្រទើសគ្នានោះ នឹងមានផលវិបាកអ្វីដែលនឹងអាចកើតឡើង។

ចង្កោមក្រុមធ្វើនយោបាយក្នុងតំបន់អាហ្រ្វិកខាងលិច ECOWAS បានព្រមានសាឡើងវិញ ការរៀបចំធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារកាលពីខែកក្កដា ដោយមានការចាប់ប្រធានាធិបតីលោក Mohamed Bazoum ធ្វើជាចំណាប់ខ្មាំង។ ECOWAS The Economic Community of West African States គឺជាសហគមន៍សេដ្ឋកិច្ច នៃបណ្តារដ្ឋអាហ្វ្រិកខាងលិចដែលប្រមូលផ្តុំដោយប្រទេសចំនួន១៥ ក្នុងនោះរួមមានទាំងប្រទេស Niger ផងដែរ។ ប៉ុន្តែអំពើដែលគេចាត់ទុកថា ជារដ្ឋប្រហារក្នុងប្រទេសនីហ្សេកាលពីថ្ងៃ ទី២៦កក្កដាឆ្នាំ២០២៣នោះ មិនមែនសុទ្ធតែប្រទេសទាំងអស់ក្នុងសហគមន៍នេះបានថ្កោល ទោសដល់ការធ្វើរដ្ឋប្រហារយោធានោះឡើយ។

ប្រទេសទាំង១៥ក្នុងសហគមន៍សេដ្ឋកិច្ច ECOWAS ដែលមានប្រជាជនប្រមាណជិត៤០០ លាននាក់ រួមមានប្រទេស Benin, Burkina Faso, Cape Verde, Cote d’Ivoir, The Gambia, Ghana, Guinea, Guinea Bissau, Liberia, Mali, Niger, Nigeria, Sierra Leone, Senegal និង Togo ។ ប្រទេសយ៉ាងហោចបីគឺប្រទេសម៉ាលី, Burkina Faso​ និង Guinea បានគាំទ្រការ ធ្វើរដ្ឋប្រហារហោធាក្នុងប្រទេសនីហ្សេ។
ក្រុមប្លុកសេដ្ឋកិច្ច ECOWAS មុននេះ បានផ្តល់ឱសានវាទដល់មេដឹកនាំរដ្ឋប្រហារយោធាក្នុងប្រទេសនីហ្សេនោះ ដោយទុកពេលរហូតដល់ថ្ងៃអាទិត្យទី៦សីហាឆ្នាំ២០២៣ ប៉ុន្តែពេលវេលានៃការកំណត់នោះបានកន្លងផុតមកជាច្រើនថ្ងៃ ខណៈដែលក្រុមធ្វើរដ្ឋប្រហារនីហ្សេ បាន ថ្លែងថា គេត្រៀមនឹងធ្វើការវាយប្រហារទប់ទល់ប្រឆាំងវិញ ប្រសិនបើមានការឈ្លានពានបរទេសដាក់មកលើទឹកដីប្រទេសនីហ្សេ។

ការគំរាមធ្វើអន្តរាគមន៍យោធាដោយប្លុក ECOWAS នៅមិនទាន់កើតឡើងឡើយ ប៉ុន្តែកិច្ចប្រជុំ ២ថ្ងៃគឺថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញសាឡើងវិញនូវគំរោងដាក់ពង្រាយទ័ពត្រៀមធ្វើអន្តរាគមន៍វាយលុក។
ក្រុមប្លុកសេដ្ឋកិច្ច ECOWAS បានព្រមានថា ប្រសិនបើរបបយោធានីហ្សេនៅតែបន្តការមិនចុះ ចាញ់និងចចេសការកាន់អំណាច គេនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការស្តារសណ្តាប់ធ្នាប់ នៃច្បាប់រដ្ឋធម្មនុញ្ញសាជាថ្មី រួមទាំងការប្រើប្រាស់កម្លាំងផងដែរ។

សម្តីព្រមានសាជាថ្មីដែលនឹងមានការរៀបចំធ្វើអន្តរាគមន៍ផ្នែកយោធានៅក្នុងប្រទេសនីហ្សេ បានធ្វើឡើងដោយស្នងការទទួលបន្ទុកកិច្ចការនយោបាយសន្តិភាព និងសន្តិសុខរបស់ Ecowas គឺលោក Abdel-Fatau Musah ខណៈដែលប្រធានសេនាធិការចម្រុះយោធានានាមកពីប្លុក Ecowas បានជួបប្រជុំគ្នានៅរដ្ឋធានី Accra នៃប្រទេសហ្គាណានៅថ្ងៃព្រហស្បតិ៍ ទី១៧សីហាឆ្នាំ២០២៣។ កិច្ចប្រជុំនោះបានបន្តចូលដល់ថ្ងៃសុក្រទី១៨សីហាថែមទៀត។

កិច្ចប្រជុំនោះបានចោទប្រកាន់របបយោធានីហ្សេ ថាកំពុងលេង ល្បែង «ឆ្មា និងកណ្តុរ» ជាមួយនឹងពួកគេដោយអ្នកធ្វើរដ្ឋប្រហារក្នុងប្រទេសនីហ្សេនោះ មិនព្រមជួបនឹងបេសកជន Ecowas របស់ខ្លួន។
កិច្ចប្រជុំក្នុងរដ្ឋធានីAccra នៃប្រទេសហ្គាណានោះបានពិភាក្សាលំអិតនៃកម្លាំងយោធា ដែល បានត្រៀមនៅពេលដែលកាលបរិច្ឆេទកំណត់ដោះលែងលោកប្រធានាធិបតីលោក Mohamed Bazoum បានផុតរំលងហួសពេលកំណត់។

កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍បានផ្តោតលើចំនួន កងទ័ពថាតើមានចំនួនប៉ុន្មានដែលនឹងផ្តល់មកពីប្រទេសក្នុងប្លុក ដែលឈឺឆ្អាលប្រឆាំងនឹងទង្វើរដ្ឋប្រហារនោះ។
ប៉ុន្តែបើទោះបីជាស្នងការទទួលបន្ទុកកិច្ចការនយោបាយសន្តិភាព និងសន្តិសុខ Ecowas លោក Abdel-Fatau Musah បាននិយាយសង្កត់ធ្ងន់ថា ការធ្វើអន្តរាគមន៍យោធាគឺជាជំរើសចុងក្រោយ ប្រសិនបើការចរចាការទូតបានបរាជ័យនោះក្តី ក៏នៅតែមានភាពស្រពិចស្រពិល ជុំវិញឆន្ទៈរប​ស់ក្រុមប្លុក ECOWAS នេះថាតើពិតជាហ៊ានធ្វើអន្តរាគមន៍ពិតមែនដែរឬទេ ឬ គ្រាន់តែនិយាយបន្លាច?

ទោះជាយ៉ាងណាក៏ដោយ ស្នងការរបស់ECOWAS រូបនោះ បាននិយាយប្រាប់បណ្តាប្រធានសេនាធិការចម្រុះយោធារបស់ ECOWAS ក្នុងពេលនោះថា កម្លាំងប្រជាជន និងយោធារបស់ ប្លុកអាហ្វ្រិកខាងលិច បានត្រៀមឆ្លើយតបនឹងការបំពេញកាតព្វកិច្ចរបស់ខ្លួន។

លោកបានចង្អុលបង្ហាញនូវបញ្ជីដាក់ពង្រាយកម្លាំងកន្លងមកនៅក្នុងប្រទេសហ្គាំប៊ី, លីបេរី, និងកន្លែងផ្សេងទៀតជាឧទាហរណ៍នៃការត្រៀមខ្លួន។
លោក Abdel-Fatau Musah បាននិយាយថា ប្រសិនបើកាលៈទេសៈជំរុញ «យើងនឹងចូលទៅក្នុងប្រទេសនីហ្សេ ជាមួយនឹងក្រុម ឧបករណ៍និងធនធានផ្ទាល់ខ្លួនរបស់យើង ដើម្បីប្រាកដថា យើងនឹងស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញវិញ»។ លោកបានបន្តថា «ប្រសិន​បើ​ដៃគូ​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ចង់​គាំទ្រ​យើងៗនឹងស្វាគមន៍ពួកគេ​»។

លោក Abdel-Fatau Musah បានរិះគន់យ៉ាងខ្លាំងចំពោះសេចក្តីប្រកាសរបស់ របបយោធា នីហ្សេ ដែលចោទថា ពួកគេមានភស្តុតាងដើម្បីដាក់បន្ទុកចោទប្រកាន់លោកប្រធានាធិបតី Bazoum ដើម្បីកាត់ទោសនូវអំពើបទក្បត់ជាតិ។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និង ប្លុកEcowas បានសម្តែងការព្រួយបារម្ភ អំពីលក្ខខណ្ឌនៃការឃុំខ្លួន Bazoum ខណៈមានការ ចោទប្រកាន់ទាំងនោះដាក់បន្ទុកជាបន្ថែមមកលើរូបលោក។

លោក Abdel-Fatau Musah បានបញ្ជាក់បន្ថែមថា សមាជិកទាំងអស់នៃប្លុក Ecowas លើក លែងតែអ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា និងប្រទេស Cape Verde បាន យល់ព្រមលើការផ្តល់កងទ័ព។
បើទោះបីជាមានភាសានិយាយខ្លាំងៗលើការត្រៀមធ្វើអន្តរាគមន៍យោធាក៏ដោយ, ប្រទេស សំខាន់ៗមួយចំនួនដែលបាននិយាយថា ពួកគេនឹងផ្គត់ផ្គង់កងកម្លាំងនោះ គឺតាមពិតកំពុង ប្រឈមមុខនឹងប្រតិកម្មនយោបាយប្រឆាំងក្នុងស្រុករបស់ពួកគេលើសំណើធ្វើអន្តរាគមន៍ យោធានោះ ដូចជាប្រទេសនីហ្សេរីយ៉ា និងហ្គាណានោះជាដើម។

ព្រឹទ្ធសភារបស់ប្រទេសនីហ្សេរីយ៉ាបានសម្តែងការជំទាស់ ខណៈដែលគណបក្សប្រឆាំង នៅក្នុងប្រទេសហ្គាណាបានចោទសួរអំពីមូលដ្ឋានច្បាប់ សម្រាប់ការធ្វើអន្តរាគមន៍ក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេស។
ហើយឧបសគ្គដ៏ធំមួយទៀតគឺសហភាពអាហ្រ្វិកAU African Union។ សហភាពអាហ្រ្វិក African Union ដែលហៅកាត់ថា AU គឺជាសហគមន៍ប្រមូលផ្តុំសមាជិក ចំនួន៥៥ប្រទេសក្នុង ទ្វីបអាហ្វ្រិក។ សហគមន៍ AU នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ដើម្បីលើកកម្ពស់ ការរួបរួមនិងសាមគ្គីភាពនៃបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកទាំងមូល, ការពារអធិបតេយ្យភាព នៃរដ្ឋក្នុងតំបន់ លុបបំបាត់អាណានិគម លើកតម្កើងកិច្ចសហប្រតិបត្តិការអន្តរជាតិ និង សហការសម្របសម្រួល ធ្វើឱ្យមានសុខដុមនីយកម្មលើគោលនយោបាយរបស់រដ្ឋជាសមាជិក។ ដូច្នេះបញ្ហាដែលកើតឡើងក្នុងប្លុក Ecowas នៃទ្វីបអាហ្វ្រិក មិនអាចឱ្យសហគមន៍ AU នៅអង្គុយស្ងៀមព្រងើយបានឡើយ។

ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខរបស់ AU កាលពីថ្ងៃចន្ទបានជួបប្រជុំគ្នានៅរដ្ឋធានី Addis Ababa នៃប្រទេសអេត្យូពី ជុំវិញវិបត្តិនៅក្នុងប្រទេសនីហ្សេនោះ។ សេចក្តីរាយការណ៍ បាន បង្ហាញថាកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សន្តិភាពនិងសន្តិសុខAU បញ្ចេញ នូវ «ភាពលំបាក» និងបានច្រានចោល ការស្នើសុំអន្តរា គមន៍របស់ Ecowas។ បណ្តាប្រទេស នៅអាហ្វ្រិក ខាង ត្បូង និងអាហ្វ្រិកខាងជើងបាននិយាយ «ប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការធ្វើអន្ត រាគមន៍យោធាណាមួយ» ដាក់លើប្រទេសនីហ្សេ។
សហគមន៍ Ecowas យោងតាមគោលការណ៍ នឹងមិនតម្រូវរកការយល់ព្រមណាមួយពី សហភាពអាហ្រ្វិក AU នោះទេ ប៉ុន្តែតាមប្រវត្តិកត់ត្រាកន្លងមកនេះ សហគមន៍ Ecowas ជារឿយៗ តែងធ្វើដំណើរស្របនឹងនយោបាយរបស់សហ ភាពអាហ្រ្វិក AU។

ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបារម្ភការបាត់បង់ផលប្រយោជន៍របស់ខ្លួនក្នុងប្រទេសនីហ្សេ និងជាពិសេសក្នុងទ្វីបអាហ្វ្រិក បានបង្ហាញថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចង់ឱ្យវិបត្តិក្នុងប្រទេសនីហ្សេនោះ ត្រូវបានដោះស្រាយដោយសន្តិវិធីប្រសិនបើអាចធ្វើទៅបាន។
ប្រទេសនីហ្សេ គឺជាប្រទេសមួយដែលមានសារៈសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំង ភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាហ្វ្រិក។ ប្រទេសនីហ្សេ គឺជាប្រទេសមួយក្នុង ចំណោមប្រទេសមួយចំនួននៅក្នុងតំបន់ដែលបានយល់ព្រមធ្វើជាមូលដ្ឋាន នៃការរក្សាដ្រូន របស់សហរដ្ឋអាមេរិកនិងជាកន្លែងសម្រាប់កងកម្លាំងពិសេសអាមេរិកជាច្រើនរយនាក់ និងក្រុមជំនាញផ្នែកដឹកជញ្ជូន ដែលជាក្រុមចូលរួមក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មរបស់ក្រុម Boko Haram និងសាខារបស់ក្រុម ISIS ។ ហើយអ្វីដែលសហរដ្ឋអាមេរិកបារម្ភខ្លាំងនោះ គឺខ្លាចក្រែងអ្នកធ្វើរដ្ឋប្រហារយោធាក្នុងប្រទេសនីហ្សេនោះ នឹងត្រូវបានអូសទាញដោយក្រុម ដែលមានទំនោរនឹងរុស្ស៊ី ជាពិសេសដោយក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី។

សហរដ្ឋអាមេរិកទោះបីបានថ្កោលទោសអំពើរដ្ឋប្រហារក្នុងប្រទេសនីហ្សេនោះមែន ប៉ុន្តែមិន ទាន់បានធ្វើការផ្តាច់ចំណងនយោបាយការទូតរបស់ខ្លួនជាមួយនឹងប្រទេសនីហ្សេឡើយ។ ឯកអគ្គរដ្ឋទូតថ្មីអាមេរិកប្រចាំប្រទេសនីហ្សេលោកស្រី Kathleen Fitzgibbon ត្រូវគេរាយ ការណ៍ថា គ្រោងនឹងជួនសារតាំងដល់មេដឹកនាំធ្វើរដ្ឋប្រហារនីហ្សេ ដែលជាសញ្ញាមួយបង្ហាញ ថារដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន មិនហ៊ានប្រតិកម្មប្រឆាំងខ្លាំងផ្នែកនយោបាយការទូតដាក់លើមេដឹកនាំរដ្ឋប្រហារនៃប្រទេសនីហ្សេនេះឡើយ បើពុំដូច្នោះទេផលប្រយោជន៍នានាដែល សហរដ្ឋអាមេរិកបានកសាងកន្លងមក នឹងត្រូវស្ថិតក្នុងហានិភ័យជាមិនខាន។
មិនមានសេចក្តីរាយការណ៍ជុំវិញការប្រគល់សារ​តាំងដល់រដ្ឋាភិបាលយោធានីហ្សេឡើយ ខណៈដែលសេចក្តីរាយការណ៍ខ្លះបាននិយាយថា វត្តមានរបស់លោកស្រី Kathleen Fitzgibbon ក្នុងប្រទេសនីហ្សេមិនមែនចាំបាច់តែការប្រគល់សារតាំងនោះទេ ប៉ុន្តែជាការ ដឹកនាំបេសកកម្មការទូតអាមេរិកក្នុងប្រទេសនីហ្សេនោះ។

មន្ត្រីនាំពាក្យក្រសួងការបរទេស អាមេរិកលោក Vedant Patel បានប្រាប់បណ្តាញសារព័ត៌មានក្នុងសប្តាហ៍នេះថា ការទៅដល់ របស់លោកស្រី Kathleen Fitzgibbon ក្នុងប្រទេសនីហ្សេមិនមែនឆ្លុះបញ្ចាំងថាសហរដ្ឋអាមេ រិកមានការកែប្រែជំហររបស់ខ្លួនឡើយ។ សហរដ្ឋអាមេរិកបន្តគាំទ្រដំណោះស្រាយការទូត ដែលគោរពតាមច្បាប់រដ្ឋធម្មនុញ្ញក្នុងប្រទេសនីហ្សេ។

កិច្ចប្រជុំ២ថ្ងៃរវាងប្រធានសេនាធិការចម្រុះយោធានានានៃប្លុក Ecowas ក្នុងប្រទេសហ្គាណា ក្នុងសប្តាហ៍នេះ បានធ្វើឡើងបន្ទាប់ពីមានអំពើហិង្សាថ្មីៗក្នុងប្រទេស Niger ដោយមានក្រុម ជីហាដបានសម្លាប់ទាហានយ៉ាងហោចណាស់ ១៧នាក់នៅក្នុងការវាយឆ្មក់មួយ។
សកម្មភាពរបស់ក្រុមជីហាត បានកើតឡើងនៅក្នុងតំបន់Sahel នៃទ្វីបអាហ្រ្វិក អស់រយៈពេលជាងមួយទសវត្សរ៍ ដោយបានផ្ទុះឡើងនាភាគខាងជើងប្រទេសម៉ាលីក្នុងឆ្នាំ២០១២ និងសកម្មភាពក្រុមនោះបានរីករាលដាលចូលដល់ប្រទេស Niger និង Burkina Faso ក្នុងឆ្នាំ២០១៥។