(ប៉េកាំង)៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំកាលពីថ្ងៃទី ១៧ ខែសីហា ដើម្បីសិក្សា និងចាត់ចែងការទប់ទល់នឹងទឹកជំនន់និងជួយសង្គ្រោះ និងការងារស្តារការកសាងឡើងវិញ ក្រោយពីគ្រោះមហន្តរាយ។

លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ។ កិច្ចប្រជុំបានចង្អុលបង្ហាញថា រយៈពេលពីថ្ងៃទី ១៦ ខែកក្កដាដល់ថ្ងៃទី ១៥ ខែសីហា គឺជារយៈពេលដ៏សំខាន់សម្រាប់ការបង្ការទឹកជំនន់។ សហគ្រាសមជ្ឈិមនិងកងកម្លាំងសង្គមបានបំពេញភារកិច្ចយ៉ាងក្លាហាន និងរួមសុខរួមទុក្ខជាមួយប្រជាជន ដែលទទួលបានលទ្ធផលសំខាន់ជាដំណាក់កាលក្នុងការទប់ទល់នឹងទឹកជំនន់និងជួយសង្រ្គោះ។

កិច្ចប្រជុំបានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ប្រទេសចិននៅតែស្ថិតក្នុងរដូវទឹកជំនន់ធំនៅឡើយ គ្រប់តំបន់ ក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែតម្កល់ទុកសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាអាទិភាព។ គ្រប់ស្ថាប័នពាក់ព័ន្ធត្រូវបញ្ចេញសញ្ញាប្រកាសអាសន្ននិងការឆ្លើយតបយ៉ាងទៀងទាត់ ជួយសង្គ្រោះដោយពេញទំហឹង ប្រើប្រាស់ឱ្យបានល្អនូវមូលនិធិសម្រាប់ការងារជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ ពន្លឿនការស្តារការកសាងឡើងវិញ បង្កើនការផ្គត់ផ្គង់សម្ភារៈកសិកម្ម ធ្វើការងារឱ្យបានល្អក្នុងការបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយកសិកម្ម ធ្វើការស៊ើបអង្កេតនិងសង្ខេបដោយយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិង ទ្រព្យសម្បត្តិរបស់ប្រជាជន៕

អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន