(នីញ៉ាមេ)៖ ប្រមុខកងទ័ពនៃបណ្តាប្រទេសអាហ្រ្វិកខាងលិច បានជួបប្រជុំគ្នាលើកទីពីរដែលជាជុំចុងក្រោយ ក្នុងរដ្ឋធានីអាក្រា (Accra) របស់ប្រទេសហ្កាណា នៅថ្ងៃសុក្រនេះ ដើម្បីកំណត់គោលការណ៍លម្អិតនៃលទ្ធភាពធ្វើកិច្ចអន្តរាគមន៍យោធា ប្រសិនបើមធ្យោបាយការទូត បរាជ័យក្នុងប្រែក្រឡាស់រដ្ឋប្រហារយោធា នៅឯនីហ្សេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃ បណ្តាប្រមុខកងទ័ព បានពិភាក្សាអំពីការត្រៀមលក្ខណៈផ្នែកភស្តុភារ និងទិដ្ឋភាពនៃការដាក់ពង្រាយកម្លាំងដែលអាចធ្វើទៅបាន។ បើតាមស្នងការនៃសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ លោក អាប់ដែល ហ្វាតាអ៊ូ មូសាហ៍ (Abdel-Fatau Musah) ការប្រើកម្លាំងនៅតែជម្រើសចុងក្រោយ ប៉ុន្តែប្រសិនបើមធ្យោបាយផ្សេងទៀតនៅតែបរាជ័យនោះ កងកម្លាំងដ៏អង់អាចនៃអាហ្វ្រិកខាងលិច ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបតាមការអំពាវនាវ។

លោក ហ្វាតាអ៊ូ មូសាហ៍ បានបន្ថែមថា ភាគច្រើននៃប្រទេសជាសមាជិកទាំង ១៥របស់ប្លុក បានរៀបចំដើម្បីចូលរួម ក្នុងកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ លើកលែងតែប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា ដូចជាម៉ាលី បួគីណាហ្វាសូ និងហ្គីណេ និងសាធារណរដ្ឋ Cape Verde ប៉ុណ្ណោះ។ ភាពតានតឹងណាមួយ នឹងបន្ថែមអស្ថិរភាពដល់តំបន់សាហែល (Sahel) ដែលកំពុងប្រយុទ្ធនឹងការបះបោររយៈពេល ១០ឆ្នាំស្រាប់ទៅហើយ។

គួរបញ្ជាក់ថា ក្រុមយោធានៅនីហ្សេ បានធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី លោក មហាំម៉ាត់ បាហ្សូម (Mohamed Bazoum) ចេញពីអំណាច កាលពីថ្ងៃទី២៦ ខែកក្កដា ហើយប្រឆាំងនឹងការអំពាវនាវពីអង្គការសហប្រជាជាតិ ECOWAS និងប្រទេសដ៏ទៃទៀតឲ្យប្រគល់អំណាចដល់រដ្ឋាភិបាលស៉ីវិលឡើងវិញ ដោយកត្តានេះបានជំវុញឲ្យមហាអំណាចក្នុងតំបន់ ប្រមូលផ្តុំកងកម្លាំងត្រៀមធ្វើអន្តរាគមន៍៕