(មូស្គូ)៖ តុលាការទីក្រុងមូស្គូ បានចោទប្រកាន់ជាផ្លូវការពីបទចារកម្ម លើពលរដ្ឋអាមេរិកដើមកំណើតរុស្ស៉ីម្នាក់ ដែលកំពុងជាប់ពន្ធនាគាររួចហើយក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

អ្នកជំនួញឈ្មោះ ជីន ស្ពេកធឺ (Gene Spector) កើតនៅក្នុងទីក្រុងសាំង ផេតធឺស្បឺគ (St. Petersburg) របស់រុស្ស៉ី ហើយបន្ទាប់មកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ន លោក ស្ពែកធឺ កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំកន្លះ បន្ទាប់ពីសារភាពកំហុសនៅឆ្នាំ ២០២២ ចំពោះការសូកប៉ាន់លើជំនួយការរបស់អតីតឧបនាយករដ្ឋមន្ត្រីរុស្ស៉ី លោក អាកាឌី ឌីវ៉ូកូវ៉ិក (Arkady Dvorkovich)។ យ៉ាងនេះក្តី ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី មិនបានរាយការណ៍ព័ត៌មានលម្អិត អំពីការចោទប្រកាន់ថ្មីនេះទេ។

គួរបញ្ជាក់ថា មុនពេលត្រូវចាប់ខ្លួន កាលពីឆ្នាំ ២០២១ លោកបានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនឯកទេសខាងថ្នាំព្យាបាលជំងឺមហារីក Medpolymerprom Group ក្នុងប្រទេសរុស្ស៉ី។ អ្នកនាំពាក្យសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែកំពុងប្រមូលព័ត៌មានអំពីករណីនេះ ខណៈក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕