(តៃប៉ិ)៖ មេដឹកនាំរងកោះតៃវ៉ាន់ លោក វីលៀម ឡៃ បានត្រឡប់មកដល់ទីក្រុងតៃប៉ិវិញហើយនាថ្ងៃសុក្រនេះ ក្រោយដំណើរទស្សនកិច្ចយ៉ាង​រសើបមួយទៅកាន់ប្រទេសប៉ារ៉ាហ្កាយ ដែលរួមមានការឆ្លៀតចូលទស្សនកិច្ចរយៈពេលខ្លី នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិ តាវយ័ន (Taoyuan) លោក ឡៃ បាននិយាយយ៉ាងដូច្នេះថា ​«ដោយសារកិច្ចប្រឹងប្រែងរបស់អ្នករាល់គ្នា ថាមពលរបស់តៃវ៉ាន់គឺកាន់តែរឹងមាំខ្លាំងឡើងៗ ហើយវាបានបង្ហាញដល់សហគមន៍អន្តរជាតិថា តៃវ៉ាន់គឺជាកម្លាំងនៃអំពើល្អ ហើយវាក៏បានស្តែងឱ្យឃើញផងដែរថា សហគមន៍អន្តរជាតិពិតជាមានការយកចិត្តទុកដាក់ខ្លាំងចំពោះតៃវ៉ាន់»។

ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកពុំអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន បានចេញមុខថ្កោលទោសវត្តមានរបស់លោក ឡៃ នៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ ហើយបានហៅលោកថា ជាបុគ្គលចង់បំបែករដ្ឋនិងជាជនចូលចិត្តបង្កើតបញ្ហា។ ក្រុមមន្រ្តីតៃវ៉ាន់បាននិយាយថា ចិនទំនងជា​អាចធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅក្បែរដែនកោះនេះ ដោយយកទស្សនកិច្ចរបស់លោក ឡៃ​ ជាលេស ដើម្បីបម្រើជាការដាក់សម្ពាធមួយ នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ថ្មី ដែលនឹងប្រព្រឹត្តទៅនាដើមឆ្នាំក្រោយ។ យ៉ាងណាក្តី មកទល់ពេលនេះ តៃវ៉ាន់មិនទាន់​សង្កេតឃើញសកម្មភាពពុំប្រក្រតីណាមួយរបស់យោធាចិន នៅក្បែរកោះតៃវ៉ាន់នៅឡើយទេ។

មុនពេលទៅដល់ប្រទេសប៉ារ៉ហ្កាយ លោក ឡៃ ដំបូងបានឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងញូយ៉ក ហើយពេលត្រឡប់មកវិញ មុនឆ្ពោះមកកាន់តៃវ៉ាន់ លោកក៏បានឆ្លៀតចូលទស្សនកិច្ចនៅទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូថែមទៀត។ លោក ឡៃ បានធ្វើដំណើរទៅប៉ារ៉ាហ្កាយ ដើម្បីចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីថ្មីនៃប្រទេសអាមេរិកឡាទីនមួយនេះ ដែលស្ថិតក្នុងចំណោមប្រទេសចំនួនតែ១៣ ប៉ុណ្ណោះ ដែលនៅរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៉ិ។

លោក ឡៃ បច្ចុប្បន្ន គឺជាបេក្ខជនកំពុងមានសំឡេងប្រជាប្រិយភាពខ្ពស់ជាងគេ សម្រាប់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ ដែលនឹងត្រូវបោះឆ្នោតជ្រើសរើស នៅខែមករា ឆ្នាំ២០២៤។ មេដឹកនាំតៃវ៉ាន់បច្ចុប្បន្ន គឺលោកស្រី សៃ អ៉ីងវិន មិនអាចបន្តឈរឈ្មោះទៀតទេ ក្រោយកាន់អំណាចបានគ្រប់២អាណត្តិ។ ពេលមកដល់តៃវ៉ាន់វិញ លោក ឡៃ បានលើកឡើងខ្លីៗប៉ុណ្ណោះអំពីវត្តមានរបស់លោកនៅឯ​សហរដ្ឋអាមេរិក ដោយលោកបានចំណាយពេលផ្តោតសំខាន់ ទៅលើទស្សនកិច្ចនៅប៉ារ៉ហ្កាយ និងការសន្យាផ្តល់ការគាំទ្រ ដែលរូបលោក​ទទួលបាននៅទីនោះ។

គួរបញ្ជាក់ថា លោក វីលៀម ឡៃ ត្រូវទីក្រុងប៉េកាំងមានការមិនពេញចិត្តខ្លាំង ដោយសារតែការអត្ថាធិប្បាយដែលលោកធ្លាប់ធ្វើឡើងកាលពីមុនមក ជាពិសេសការលើកឡើងថា រូបលោកគឺជាអ្នកខំប្រឹងប្រែងជាក់ស្តែងម្នាក់ដើម្បីឯករាជ្យតៃវ៉ាន់ ប៉ុន្តែមួយរយៈចុងក្រោយនេះ លោកបាន​សន្យាថានឹងរក្សាស្ថានភាពដើម នៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ហើយស្ម័គ្រចិត្តបើកកិច្ចសន្ទនាជាមួយចិនថែមទៀត៕