(មូស្គូ)៖ នៅថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា ក្រុមនាវាចម្បាំងរបស់ប្រទេសរុស្ស៉ីនិងចិន កំពុងតែធ្វើសមយុទ្ធល្បាតរួមគ្នា នៅលើផ្ទៃសមុទ្រនៃតំបន់ប៉ាស៉ីហ្វិក ដែលរួមមានទាំងលំហាត់ផ្តោតលើការជួយសង្រ្គោះ និងការទប់ទល់ការវាយប្រហារតាមផ្លូវអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ក្រុមនាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៉ីនិងកងទ័ពជើងទឹកចិន ពេលនេះ កំពុងធ្វើប្រតិបត្តិការនៅលើដែនទឹក នៃសមុទ្រចិនខាងកើត។ អំលុងពេលនេះ ក្រុមនាវិកនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើលំហាត់ពាក់ព័ន្ធទៅនឹងការប្រឆាំង​នាវាមុជទឹក ការទប់ទល់ការវាយប្រហារតាមផ្លូវអាកាស ការជួយសង្រ្គោះនៅដែនសមុទ្រ ក៏ដូចជាការដុសខាត់ជំនាញនៃការហោះឡើង​និងចុះចតឧទ្ធម្ភាគចក្រ នៅលើនាវា។

ចំណែកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិចិន បាននិយាយថា ក្រុមនាវាចម្បាំងប្រទេសទាំងពីរ បានធ្វើប្រតិបត្តិការល្បាតរួមគ្នាដែនសមុទ្ររួមគ្នា នៅឯតំបន់ភាគខាងលិចនិងខាងជើងនៃមហាសមុទ្រប៉ាស៉ីហ្វិក។ ទំនាក់ទំនងរវាងរុស្ស៉ី​និងចិន បានកើនឡើងភាពស្និទ្ធស្នាលយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសស្របពេលដែលសង្រ្គាមអូសបន្លាយនៅ​អ៊ុយក្រែន បានធ្វើឱ្យប្រេះឆាទំនាក់ទំនងរបស់រុស្ស៉ី ជាមួយក្រុមប្រទេសលោកខាងលិច។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) ក៏បានបំពេញទស្សនកិច្ចមកកាន់រុស្ស៉ីផងដែរ ដើម្បីចូលរួមសន្និសីទទីក្រុងមូស្គូ ស្តីពីសន្តិសុខអន្តរជាតិលើក១១ ជាទីដែលលោកបានអំពាវនាវឱ្យកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី កាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត៕