(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់នៅថ្ងៃសុក្រនេះ បានប្រកាសថា បុរសជនជាតិនូវែលសេឡង់ម្នាក់ ដែលបានចំណាយពេលសរុបអស់ជិត១៨ឆ្នាំ នៅក្នុងពន្ធនាគារសម្រាប់អំពើឃាតកម្មដែលខ្លួនមិនបានប្រព្រឹត្ត នឹងទទួលបានប្រាក់សំណងខ្ទង់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។
បុរសខាងលើដែលមានឈ្មោះថា អាលែន ហល (Alan Hall) ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត កាលពីឆ្នាំ១៩៨៦ បន្ទាប់ពីបុរសម្នាក់ទៀត ត្រូវបានគេចាក់សម្លាប់ អំលុងហេតុការណ៍ចូលឈ្លានពានលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង អ៊ុកលែន (Auckland)។ តាមពិតទៅ គឺមិនមានភស្តុតាងផ្នែកវិទ្យាសាស្រ្ត ដែលអាចបង្ហាញថា លោក Hall មានជាប់ពាក់ព័ន្ធនឹងកន្លែងឃាតកម្មឡើយ ហើយជនដៃដល់ក៏ត្រូវគេអះអាងថា ហាក់មានកម្ពស់ខុសពីលោក និងជាជនជាតិផ្សេងឯណោះផងដែរ។ ទោះជាបែបនេះក៏ដោយ រូបលោកនៅតែត្រូវបានតុលាការសម្រេចសេចក្តីថា ពិតជាមានទោសក្នុងករណីនោះ។
លោក Allan Hall ត្រូវបានដោះលែងដោយមានលក្ខខណ្ឌកាលពីឆ្នាំ១៩៩៤ ប៉ុន្តែក្រោយមក លោកត្រូវបានបញ្ជូនចូលពន្ធនាគារវិញ នៅឆ្នាំ២០១២ ដោយសារល្មើសនឹងលក្ខខណ្ឌនៃការដោះលែង។ ទីបំផុត រូបលោកក៏ត្រូវបានដោះលែងឱ្យមានសេរីភាពពេញលេញ កាលពីឆ្នាំ២០២២ ហើយការផ្តន្ទាទោស ត្រូវបានលុបចោលទាំងស្រុង។
តុលាការកំពូលនូវែលសេឡង់ បានទទួលស្គាល់ថា ការជំនុំជម្រះក្តីនាពេលដំបូងនោះ គឺមិនមានយុត្តិធម៌ឡើយ ដែលបង្ហាញថា វាបានប្រព្រឹត្តទៅដោយអសមត្ថភាពខ្លាំង ឬក៏ជាយុទ្ធសាស្រ្តមួយដែលខុសឆ្គងនិងដោយចេតនា ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យតែបាន ការផ្តន្ទាទោសទៅលើបុគ្គលម្នាក់ ដើម្បីបិទបញ្ចប់សំណុំរឿង។
រដ្ឋមន្រ្តីយុត្តិធម៌នូវែលសេឡង់ លោកស្រី ដេបូរ៉ា រូស្សែល (Deborah Russell) បានលើកឡើងនៅថ្ងៃសុក្រនេះថា លោក Hall បានទទួលយកហើយ នូវសំណើផ្តល់ប្រាក់សំណងចំនួន៤.៩លានដុល្លារនូវែលសេឡង់ ឬស្មើនឹង៣លានដុល្លារអាមេរិក ហើយខាងរដ្ឋាភិបាល ក៏បានបង្ហាញការសុំអភ័យទោសដោយស្មោះ សម្រាប់ការកាត់ទោសខុសនិងការជាប់ពន្ធនាគាររបស់លោក ផងដែរ។ ជាមួយគ្នា លោកស្រី Russell បានទទួលស្គាល់ថា ពាក្យសុំទោសនិងថវិកានោះ គ្មានថ្ងៃអាចប៉ះប៉ូវទាំងស្រុង ចំពោះភាពអយុត្តិធម៌ ដែលលោក Hall បានទទួលរងឡើយ។
ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍ប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រួសារលោក Hall បាននិយាយថា ពួកគេពិតជាបានធូរស្រាលក្នុងចិត្ត ដែលកិច្ចប្រឹងប្រែងតស៊ូលុបលាងឈ្មោះលោក ទីបំផុតត្រូវបានបិទបញ្ចប់។ លោក Alan Hall មានអាយុ២៤ឆ្នាំ នៅពេលត្រូវបានគេចាប់ខ្លួន ខណៈឥឡូវលោកមានអាយុ៦១ឆ្នាំ៕