(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ុយក្រែនទើបនឹងទទួលប្រព័ន្ធការពារដែនអាកាស IRIS-T ចំនួន ២គ្រឿង ពីប្រទេសអាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

នៅក្នុងសុន្ទរកថាមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ប្រព័ន្ធការពារដែនអាកាស IRIS-T ថ្មីចំនួន ២គ្រឿង ត្រូវបានប្រគល់ឱ្យអ៊ុយក្រែន។ នេះគឺ ជាប្រព័ន្ធការពារដែនអាកាសដ៏មានឥទ្ធិពល និងត្រូវការជាចាំបាច់សម្រាប់ការពារដែនអាកាស»។ លោក ហ្សេលេនស្គី ក៏បានថ្លែងអំណរគុណចំពោះ អាល្លឺម៉ង់ផងដែរ សម្រាប់ការផ្តល់ប្រព័ន្ធអាវុធនេះ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយផ្សេងទៀតដល់អ៊ុយក្រែន ដែលរួមមាន ប្រព័ន្ធការពារដែនអាកាស IRIS-T និងគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រចំនួន ៤,៥០០គ្រាប់។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង អាល្លឺម៉ង់បានផ្តល់ជំនួយ សរុបចំនួន ២៤ពាន់លានដុល្លារដល់អ៊ុយក្រែន៕