(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រ ទី១៨ ខែសីហានេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដីស្រែដែលរងគ្រោះ បន្ទាប់ពីព្យុះខានុន (Khanun) បានបោកបក់លើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ចំពេលមាន ការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិស្បៀងអាហារ នៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងពេលចុះត្រួតពិនិត្យនោះ លោក គីម បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់យោធាលើការងារស្រោចស្រពដំណាំ ហើយនិយាយថា ការដាក់ពង្រាយកងទ័ពត្រូវតែធ្វើឡើង ពីព្រោះមិនអាចបណ្តោយឲ្យការបាត់បង់ដំណាំកសិកម្ម ដោយសារតែកត្តាគ្រោះធម្មជាតិប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាជននោះទេ។

លោក គីម ក៏បញ្ជាក់ឡើងវិញដែរនូវការចល័តឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូនធុនស្រាលនៃអង្គភាពទ័ពអាកាស ដើម្បីសង្រ្គោះដំណាំ ហើយ រៀបចំ និងបញ្ជាដោយផ្ទាល់លើការងារបាញ់ថ្នាំសម្លាប់សត្វល្អិត។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានទទួលរងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ក្នុងនោះរួមមានទាំងគ្រោះទុរ្ភិក្ស ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយសារតែកត្តាគ្រោះមហន្តរាយធម្មជាតិ។ អ្នកជំនាញអន្តរជាតិ បានព្រមានថា ការបិទព្រំដែនអំឡុងជំងឺកូវីដ-១៩ ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ៕