(តៃប៉ិ)៖ ចៅហ្វាក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ នៅចុងខែសីហានេះ ដើម្បីចូលរួមក្នុងវេទិកាទីក្រុងប្រចាំឆ្នាំ ដែលជាដំណើរទស្សនកិច្ចមួយធ្វើឡើង ចំពេលទំនាក់ទំនងរវាងរដ្ឋាភិបាលចិន និងតៃវ៉ាន់កាន់តែតានតឹងឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

បើតាមការិយាល័យចៅហ្វាយក្រុងតៃប៉ិ លោក ជាំង វ៉ាន់អាន (Chiang Wan-an) ជាចៅហ្វាយក្រុងតៃប៉ិ មកពីគណបក្សប្រឆាំងគួមិញតាង (Kuomintang) ដែលជាប្រពៃណីមានទំនោរគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយចិន នឹងធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ដើម្បីចូលរួមក្នុងវេទិកាទីក្រុងតៃប៉ិ-សៀងហៃ ដែលត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០១០។

គួរបញ្ជាក់ថា ខណៈចិនបដិសេធមិននិយាយរករដ្ឋាភិបាលតៃវ៉ាន់ ចាប់តាំងពីលោកស្រី Tsai Ing-wen ជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ កាលពី ឆ្នាំ២០១៦មក វេទិកាទីក្រុងតៃប៉ិ-សៀងហៃនៅតែបន្តធ្វើឡើងជាធម្មតា រហូតទាល់តែមានការឆ្លងរាលដាលកូវីដ១៩ ទើបវេទិកានេះត្រូវបាន ផ្អាកការរៀបចំ៕