(ញូវយ៉ក)៖ កូរ៉េខាងជើងបានទទួលរងការចោទប្រកាន់ថាបានទុកឱ្យប្រជាជនរបស់ខ្លួនរងការឈឺចាប់ដោយសារភាពអត់ឃ្លាន ខណៈព្យាយាមប្រមែប្រមូល ធនធានកាន់តែច្រើន ដើម្បីអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងការធ្វើបច្ចុប្បន្នភាពយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

ប្រមុខសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក វ៉ុលឃឺ តួក (Volker Turk) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅឯកិច្ចប្រជុំស្ដីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើងថាប្រជាជនកូរ៉េខាងជើងបានរងការគាបសង្កត់យ៉ាងធ្ងន់ធ្ងរខាងនយោបាយ និង កំពុងប្រឈមុខនឹងលក្ខខណ្ឌសេដ្ឋកិច្ចកាន់តែអាក្រក់ឡើង។ ចំណែក ការរំលោភសិទ្ធិមនុស្សមានច្រើនរាប់មិនអស់ ក្នុងនោះរួមមានការបង្ខំឱ្យធ្វើការហួសកម្លាំង និងការបង្ខំឱ្យកុមារធ្វើការជាដើម។ ការអត្ថាធិប្បាយរបស់លោក វ៉ុលឃឺ តួក គឺជាការគាំទ្រទៅនឹងការលើកឡើងរបស់លោកស្រី អេលីហ្សាប៊ែត សាល់ម៉ុន (Elizabeth Salmon) ជាអ្នកជំនាញ​ UN ខាងសិទ្ធិមនុស្សស្ដីពីកូរ៉េខាងជើង ដែលបានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងខ្វាយខ្វល់តែពីការអភិវឌ្ឍកម្មវិធី អាវុធនុយក្លេអ៊ែរ និងមីស៊ីលខ្លាំងជាជាងគិតគូរពីសុខទុក្ខប្រជាជនខ្លួនឯង។

គួរបញ្ជាក់ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង ធ្វើឡើងតបតាមការស្នើសុំពីសហរដ្ឋអាមេរិក អាល់បានី និងជប៉ុន ហើយនេះគឺជាកិច្ចប្រជុំលើកដំបូងបំផុតរបស់ UN លើបញ្ហានេះក្នុងរយៈពេលជាង៦ឆ្នាំមកនេះ។ នៅក្នុងកិច្ចប្រជុំនោះដែរ សមាជិកភាគច្រើន នៃក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោសស្ថានភាពកាន់តែអាក្រក់នៃលក្ខខណ្ឌរស់នៅ និងការគោរពសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ ប៉ុន្តែ កូរ៉េខាងជើងដោយមាន ការគាំទ្រពីចិន និងរុស្ស៉ី តែងតែច្រានចោលការចោទប្រកាន់ទាំងឡាយជុំវិញស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ខ្លួន៕