(សេអ៊ូល)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ជឿជាក់ថាកូរ៉េខាងជើងកំពុងត្រៀមលក្ខណៈបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ក្នុងពេលដំណាលគ្នានៃកិច្ចប្រជុំកំពូលត្រីភាគីរវាងមេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង នឹងធ្វើឡើងជាការឆ្លើយតបទៅនឹងកិច្ចប្រជុំកំពូលត្រីភាគីអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្តទៅនៅឯបន្ទាយយោធាអាមេរិក Camp David ស្ថិតនៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក)។ ការធ្វើតេស្ដមីស៊ីលនេះទៀតសោតក៏អាចជាការបង្ហាញការជំទាស់របស់ទីក្រុងព្យុងយ៉ាង ទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ហើយគ្រោងនឹងបន្តរហូតដល់ដំណាច់ខែសីហានេះ។

គួរបញ្ជាក់ថា មេដឹកនាំអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គ្រោងនឹងចូលរួមក្នុងជំនួបកំពូលត្រីភាគីមួយ នៅឯបន្ទាយយោធា Camp David ស្ថិតនៅខាងក្រៅ ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ជាពិសេសបញ្ហាពាក់ព័ន្ធនឹងចិន និងកូរ៉េខាងជើងជាដើម៕