(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក​ អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មិនមែនកំពុងព្យាយាមជំរុញឱ្យបេឡារុស ចូលរួមក្នុងសង្រ្គាមនៅអ៊ុយក្រែននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣។

លោក លូកាសិនកូ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធអនឡាញ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក លូកាសិនកូដែលជា សម្ព័ន្ធមិត្តជិតស្និទ្ធម្នាក់របស់លោក ពូទីន និងដែលប្រទេសរបស់លោកមានព្រំដែនជាប់អ៊ុយក្រែន រុស្ស៉ី និងប្រទេសជាសមាជិក NATO ចំនួន៣ផ្សេងទៀត ក្នុងរួមមានទាំងប៉ូឡូញ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើទាហានអ៊ុយក្រែនមិនឆ្លងចូលព្រំដែនរបស់យើង យើងក៏នឹងមិនចូលរួមនៅក្នុងសង្រ្គាមនេះដែរ គឺសង្រ្គាមក្ដៅមួយនេះ។ ប៉ុន្តែ យើងនឹងជួយដល់រុស្ស៉ីជានិច្ច ព្រោះពួកគេជាសម្ព័ន្ធមិត្តរបស់យើង»។

គួរបញ្ជាក់ថា បើតាមលោក លូកាសិនកូ លោកផ្ទាល់ជឿជាក់ថាលោក ពូទីន បានសម្រេចរួចទៅហើយនូវវត្ថុបំណងរបស់លោក នៅក្នុងសង្រ្គាមឈ្លានពាន ប្រឆាំងនឹងអ៊ុយក្រែន ដែលរុស្ស៉ីហៅថាជាប្រតិបត្តិការយោធាពិសេស ហើយថាភាគីទាំង២ គួរតែត្រឡប់មករកតុចរចា ដើម្បីពិភាក្សាលើបញ្ហាជាច្រើន ក្នុងនោះរួមមានអនាគតនៃតំបន់គ្រីមៀ និងទឹកដីអ៊ុយក្រែនដែលរុស្ស៉ីកំពុងកាន់កាប់៕