(ស្តុកខម)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសស៊ុយអែត បានបង្កើនកម្រិតប្រកាសអាសន្ន ចំពោះអំពើភេរវកម្មរបស់ខ្លួននៅពីថ្ងៃព្រហស្បតិ៍នេះ ដល់កម្រិតទី៤ លើ៥កម្រិត បន្ទាប់ពីប្រតិកម្មខឹងសម្បារនៅក្នុងពិភពមូស្លីម​ ចំពោះទង្វើបង្កហេតុដុតគម្ពីរគួរអាន ដែលបានធ្វើឱ្យប្រទេសនេះក្លាយជា «គោលដៅអាទិភាព»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ប្រធានប៉ូលីសសន្តិសុខស៊ុយអែត លោក Charlotte von Essen បានប្រាប់អ្នកយកព័ត៌មានថា ហេតុផលសម្រាប់ការតម្លើងកម្រិតអាសន្នអំពើភេវរកម្មនេះ គឺដោយសារភាពយ៉ាប់យ៉ឺន នៃស្ថានភាពទាក់ទងនឹងការគំរាមកំហែងវាយប្រហារប្រទេសស៊ុយអែតរយៈពេលយូរ។

លោក Von Essen បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបង្កើនកម្រិតគំរាមកំហែង មិនមែនផ្អែកលើ «ឧបទ្ទវហេតុតែមួយ» នោះទេ ប៉ុន្តែគឺនៅលើ «ការវាយតម្លៃរួម»។

ប្រទេសស៊ុយអែត រួមទាំងប្រទេសជិតខាង ដាណឺម៉ាក បានផ្ទុះនូវរលកនៃការប្រមាថជាសាធារណៈលើគម្ពីរគួររ៉ានក្នុងប៉ុន្មានខែថ្មីៗនេះ ដែលបានបង្កឱ្យមានកំហឹង និងការថ្កោលទោសយ៉ាងទូលំទូលាយនៅក្នុងប្រទេសមូស្លីម។

ក្រុមបាតុករអ៊ីរ៉ាក់បានសម្រុកចូលស្ថានទូតស៊ុយអែត នៅទីក្រុងបាកដាដពីរដងក្នុងខែកក្កដា។ អង្គការសហប្រតិបត្តិការឥស្លាម ដែលមានមូលដ្ឋាននៅទីក្រុង Jeddah ក៏បានសម្តែង «ការខកចិត្ត» ជាមួយស៊ុយអែត និងដាណឺម៉ាកចំពោះការមិនចាត់វិធានការទប់ស្កាត់ ចំពោះសកម្មភាពប្រមាថលើគម្ពីគួរអាននេះផងដែរ។

កាលពីសប្តាហ៍មុន គ្រាប់បែកឆ្នៃត្រូវបានគេបោះចោលនៅស្ថានទូតស៊ុយអែតក្នុងទីក្រុង Beirut ប៉ុន្តែវាមិនបានផ្ទុះទេ ហើយនៅចុងសប្តាហ៍នេះ ក្រុម al-Qaeda បានអំពាវនាវឱ្យមានការវាយប្រហារប្រឆាំង នឹងបណ្តាប្រទេសស្កាតឌីណាវៀន (Scandinavian) ទាំងនេះវិញ៕