(កូឡាឡាំពួរ)៖ យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅលើផ្លូវហាយវេមួយកន្លែង នៅជិតទីក្រុង Shah Alam ក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ីកាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបានសម្លាប់មនុស្ស ១០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

អធិការនគរបាលស្រុក លោក Mohamad Iqbal Ibrahim បាននិយាយថា «បច្ចុប្បន្នខ្ញុំអាចនិយាយបានថា យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ដោយក្នុងនោះអ្នកបើកបរ ២នាក់ ក្នុងនោះមានម្នាក់នៅក្នុងរថយន្ត និងម្នាក់ទៀតនៅលើម៉ូតូ ក៏បានស្លាប់ផងដែរ»។

លោកបានបញ្ជាក់បន្ថែមថា យន្តហោះឯកជនដែលដឹកអ្នកដំណើរ ០៦នាក់ រួមទាំងនាវិក ២នាក់ផងដែរនោះ បានធ្វើដំណើរចេញពីរមណីយដ្ឋានអន្តរជាតិ Langkawi នៅវេលាម៉ោង ២៖០៨នាទី ទៅកាន់អាកាសយានដ្ឋាន Subang ក្នុងរដ្ឋ Selangor។ បន្ទាប់មកនៅម៉ោង ២៖៥១នាទី ប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋាន Subang បានកត់សម្គាល់ឃើញមានផ្សែងហុយចេញពីកន្លែងធ្លាក់ ប៉ុន្តែមិនមានការហៅទូរសព្ទចេញពីយន្តហោះនោះទេ។

មេប៉ូលិសរដ្ឋ Selangor លោក Hussain Umar Khan បានប្រាប់អ្នកយកព័ត៌មានថា យន្តហោះបានបាត់បង់ការទាក់ទង ជាមួយប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស បន្ទាប់មកបានធ្លាក់លើផ្លូវហាយវេ ហើយបានបុកជាមួយម៉ូតូ និងរថយន្តនៅលើផ្លូវនោះ៕