(អ៉ីស្លាម៉ាបាដ)៖ ប៉ូលិស និងសាក្សី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមទាហានប៉ារ៉ា ត្រូវបានដាក់ពង្រាយនៅជុំវិញកន្លែងតាំងទីលំនៅរបស់គ្រិស្តបរិស័ទ នៅឯភាគខាងកើតប្រទេសប៉ាគីស្ថាន បន្ទាប់ពីក្រុមអ្នកកាន់សាសនាអ៉ីស្លាមបានដុតបំផ្លាញព្រះវិហារ និងផ្ទះជាច្រើនខ្នង ដោយចោទប្រកាន់អ្នកស្រុកពីរនាក់ ថាប្រមាថគម្ពីគួរអាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

អ្នកស្រុក និងប្រធានសហគមន៍និយាយថា ការវាយប្រហារ បានកើតឡើងក្នុងសង្កាត់ឧស្សាហកម្មមួយ នៃទីក្រុងចារ៉ាន់វ៉ាឡា (Jaranwala) កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានបន្តរយៈពេលជាង ១០ម៉ោង ដោយគ្មានការអន្តរាគមន៍ណាមួយពីប៉ូលិស ដែលឈរជើងនៅកន្លែងកើតហេតុនោះទេ។ ប៉ុន្តែ ប៉ូលិសបានបដិសេធថា កងកម្លាំងសន្តិសុខបានជួយរារាំងមិនឲ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរ។

បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលខេត្ត ក្រុមទាហាន បានហ៊ុមព័ទ្ធតំបន់គ្រិស្តសាសនិក ដោយបិទគ្រប់ច្រកចេញ និងចូលដោយលួសបន្លា។ មនុស្សជាង ១០០នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធក្នុងកុបកម្មត្រូវបានចាប់ខ្លួន ខណៈការស៊ើបអង្កេតករណីនេះកំពុងដំណើរការ។

គួរបញ្ជាក់ថា បទប្រមាថ គឺត្រូវផ្តន្ទាទោសប្រហារជីវិតនៅក្នុងប្រទេសប៉ាគីស្ថាន ហើយទោះបីជាគ្មាននរណាម្នាក់ ត្រូវបានប្រហារជីវិតក៏ដោយ តែជនជាប់ចោទជាច្រើនបានរងនូវការវាយប្រហារ ពីក្រុមមនុស្សដែលមានកំហឹងចំពោះពួកគេ។ អតីតអភិបាលខេត្តមួយរូប និងជាមន្ត្រីតំណាងជនជាតិភាគតិច ក៏ធ្លាប់ត្រូវបាញ់សម្លាប់ផងដែរ ដោយសារតែការចោទប្រកាន់ពីការប្រមាថមាក់ងាយ៕