(កៀវ)៖ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយថា យោធាអ៊ុយក្រែននឹងវាយរំដោះទឹកដីទាំងអស់ ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ទោះបីជាត្រូវប្រើប្រាស់ពេលវេលាយូរប៉ុនណាក៏ដោយ ព្រោះនេះគឺជាបំណងរបស់ប្រជាជនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។
លោក គូឡេបា បានលើកឡើងយ៉ាងដូច្នេះថា «គោលដៅរបស់យើងគឺជ័យជម្នះ... ជ័យជម្នះនៅក្នុងទម្រង់នៃការរំដោះទឹកដីយើងទាំងអស់ ដែលស្ថិតនៅក្នុងព្រំប្រទល់អ៊ុយក្រែន គិតត្រឹមឆ្នាំ១៩៩១ ហើយពួកយើងមិនខ្វល់ថា វានឹងត្រូវចំណាយពេលយូរប៉ុនណាឡើយ។ ដរាបណា ប្រជាជនអ៊ុយក្រែនប្រកាន់យកគោលដៅរួមនេះ រដ្ឋាភិបាលអ៊ុយក្រែននឹងបោះជំហានទៅមុខ ស្របគ្នាជាមួយប្រជាជនខ្លួន»។ ទីក្រុងកៀវ បានបើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ កាលពីខែមិថុនា ក្រោមគោលដៅដណ្តើមយកទឹកដីមកវិញ ប៉ុន្តែបានទទួលស្គាល់ថា វាជាការប្រយុទ្ធដ៏លំបាក ខណៈដែលកងកម្លាំងអ៊ុយក្រែន បានជួបឧបសគ្គក្នុងការវាយទម្លុះ ខ្សែការពារដ៏រឹងមាំរបស់រុស្ស៉ី។
លោកប្រមុខការទូតអ៊ុយក្រែន បានបន្ថែមថា ប្រទេសរបស់លោក នឹងនៅតែបន្តត្រូវការការផ្តត់ផ្គង់សព្វាវុធ និងគ្រាប់រំសេវពីសម្ព័ន្ធមិត្តលោកខាងលិច រហូតទាល់តែយោធារបស់ខ្លួន អាចវាយបណ្តេញកងកម្លាំងរុស្ស៉ីចេញអស់ពីទឹកដីអ៊ុយក្រែនទាំងស្រុង។ លោក គូឡេបា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ធាតុពិតជាក់ស្តែង គឺរហូតទាល់តែយើងទទួលជ័យជម្នះ គឺពួកយើងនៅបន្តត្រូវការជំនួយអាវុធបន្ថែមដើម្បីឆ្ពោះទៅមុខ ព្រោះសង្រ្គាមគឺជារឿងពិតមួយ ហើយនៅក្នុងរឿងពិតនេះ យើងត្រូវតែឈ្នះ»។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) បានអះអាងថា ធនធានយោធារបស់អ៊ុយក្រែន គឺត្រូវបានប្រើប្រាស់សឹងតែជិតអស់ហើយ ទោះបីជាទទួលបានជំនួយសព្វាវុធយ៉ាងច្រើនពីលោកខាងលិចក៏ដោយ។ មួយរយៈចុងក្រោយនេះ កងកម្លាំងរុស្ស៉ីក៏បានអះអាងថា មានភាពរីកចម្រើនផងដែរនៅតំបន់ខាកៀវ (Kharkiv) ភាគខាងជើងប្រទេសអ៊ុយក្រែន ដែលនៅក្បែរព្រំប្រទល់រុស្ស៉ី ប៉ុន្តែខាងអ៊ុយក្រែន ទើបតែប្រកាសក្នុងសប្តាហ៍នេះថា កងកម្លាំងខ្លួនដណ្តើមបានភូមិមួយទៀត ពីកណ្តាប់ដៃរបស់កងកម្លាំងរុស្ស៉ី នៅបណ្តោយសមរភូមិជួរមុខភាគខាងត្បូង ក្នុងតំបន់ដូណេត៕