(ប៉េកាំង)៖ យោងតាមដំណឹងនៃគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា មន្ត្រីទទួលខុសត្រូវនៃអគ្គនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ នៃក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការដែលអង្គការពាណិជ្ជកម្មពិភពលោក(WTO)ចេញផ្សាយរបាយការណ៍របស់ ក្រុមអ្នកជំនាញដោះស្រាយសំណុំរឿងវិវាទ ខាងពាណិជ្ជកម្មពិភពលោក ស្តីពីការជំនុំជម្រះសំណុំរឿងសហរដ្ឋអាមេរិកលើកឡើង ពាក្យបណ្តឹងចំពោះប្រទេសចិនដែលចាត់វិធានការតបតវិញ ដើម្បីប្រឆាំងវិធានការលេខ២៣២របស់អាមេរិក ស្តីពីការដំឡើងពន្ធគយលើផលិតផលដែកថែប និងអាលុយមីញ៉ូមដែលនាំចូលអាមេរិក។

ភាគីចិនបានបញ្ជាក់ថា ឫសគល់នៃបញ្ហានេះ គឺមកពីសកម្មភាពឯកតោភាគីនិយម និងគាំពារនិយមរបស់សហរដ្ឋអាមេរិក។ ចាប់តាំងពីខែមីនា ឆ្នាំ ២០១៨ មក សហរដ្ឋអាមេរិកបានធ្វើឱ្យបញ្ហាសន្តិសុខជាតិមានភាពទូទៅ ដោយបានដំឡើងពន្ធគយលើផលិតផលដែកថែប និងអាលុយមីញ៉ូមដែលនាំចេញពីរដ្ឋសមាជិក WTO ជាច្រើនទៅសហរដ្ឋអាមេរិក ក្នុងនោះបូករួមទាំងប្រទេសចិនផងដែរ។ នៅខែធ្នូឆ្នាំ ២០២២ វិធានការរបស់សហរដ្ឋអាមេរិកត្រូវបានអង្គការ WTO កាត់ក្តីថាជាការរំលោភលើច្បាប់របស់ WTO ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែទទូចធ្វើតាមទំនើងចិត្តខ្លួន ដែលបានរារាំងមិនឱ្យការកាត់ក្តីរបស់ក្រុមអ្នកជំនាញចូលជាធរមាន ព្រមនិងបដិសេធលុបចោលវិធានការពន្ធគយដែលខុសច្បាប់។ ប្រទេសចិនចាត់វិធានការតបតតាមផ្លូវច្បាប់ គឺជាទង្វើដ៏ត្រឹមត្រូវដែលធ្វើឡើងដើម្បីគាំពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន