(ហ្សេរុយសាឡឹម)៖ ក្រសួងការពារជាតិអ៉ីស្រាអែល បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកបានផ្តល់ភ្លើងបៃតងដល់កិច្ចព្រមព្រៀងទំហំ៣.៥ពាន់លានដុល្លារ ស្តីពីការលក់ប្រព័ន្ធការពារមីស៉ីល Arrow-3 របស់អ៉ីស្រាអែល ឱ្យទៅអាល្លឺម៉ង់ហើយ ខណៈវានឹងជាកិច្ចព្រមព្រៀងការពារជាតិ ដែលមានតម្លៃខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

ក្រសួងការពារជាតិអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អ៉ីស្រាអែលនិងអាល្លឺម៉ង់ នឹងចុះកិច្ចព្រមព្រៀងបឋមមួយ ​ដែលនឹង​កំណត់ការទូតទាត់ថវិកាជំហានដំបូង ចំនួន៦០០លានដុល្លារ ដើម្បីចាប់ផ្តើមការងារលើគម្រោងនេះ ហើយកិច្ចព្រមព្រៀងពេញលេញ នឹង​សម្រេចរួចរាល់សម្រាប់ចុះហត្ថលេខា​ នៅមុនដំណាច់ឆ្នាំ២០២៣នេះ។ សហរដ្ឋអាមេរិក គឺជាដៃគូនៅក្នុងគម្រោងប្រព័ន្ធការពារមីស៉ីល Arrow ដែលត្រូវបានអភិវឌ្ឍឡើងរួមគ្នា​ ដោយទីភ្នាក់ងារការពារមីស៉ីលអ៉ីស្រាអែលនិងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីអ៊ុយក្រែន បានលាតត្រដាងឱ្យឃើញនូវការខ្វះខាតប្រព័ន្ធការពារដែនអាកាស ដែលបំពាក់នៅលើ​ដីគោក ដូចជាប្រព័ន្ធ​ Patriot របស់ក្រុមហ៊ុនអាមេរិក Raytheon និងប្រព័ន្ធ IRIS-T ដែលត្រូវបានប្រើប្រាស់ដោយក្រុមប្រទេសលោក​ខាងលិចជាច្រើន។ ខណៈប្រព័ន្ធ​ Patriot និង IRIS-T មានជំនាញការពារដែនអាកាសនៅស្រទាប់កម្រិតមធ្យម ប្រព័ន្ធ Arrow-3 ដែលផលិតដោយក្រុមហ៊ុន Israel Aerospace Industries និង Boeing អាចផ្តល់សមត្ថភាពការពារដែនអាកាស នៅស្រទាប់កម្រិតខ្ពស់។ អាល្លឺម៉ង់រំពឹងចាប់ផ្តើមទទួលបានប្រព័ន្ធ Arrow-3 នៅអំលុងត្រីមាសទី៤ នៃឆ្នាំ២០២៥៕