(សេអ៊ូល)៖ ដោយផ្អែកលើប្រភពពីទីភ្នាក់ងារចារកម្មរបស់ប្រទេសខ្លួនផ្ទាល់ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ បាននិយាយថា កូរ៉េខាងជើងអាចនឹងព្យាយាមបាញ់បង្ហោះ ផ្កាយរណបសម្រាប់ស៉ើបការណ៍យោធាជាថ្មីម្តងទៀត នៅខ្ទង់ចុងខែសីហានេះ ឬក៏នៅដើមខែកញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។
ការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបស៉ើបការណ៍យោធាលើកដំបូង របស់ទីក្រុងព្យុងយ៉ាងកាលពីខែឧសភាកន្លងទៅ គឺបានទទួលបរាជ័យ ប៉ុន្តែកូរ៉េខាងជើងបានប្តេជ្ញាយ៉ាងមុតមាំថា នឹងព្យាយាមធ្វើម្តងទៀតក្នុងពេលឆាប់ៗ។ ក្រោយជួបពិភាក្សាជាមួយ ប្រមុខទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូង លោក យូ សាងប៊ុម (Yoo Sang Bum) បានប្រាប់ថា ប្រសិនបើកូរ៉េខាងជើងអាចជួសជុលបញ្ហាបាននោះ គឺវាអាចទៅរួចដែលកូរ៉េខាងជើង ទំនងនឹងបង្ហោះផ្កាយរណបចារកម្ម ដើម្បីអបអរខួបនៃការបង្កើតប្រទេសរបស់ខ្លួន ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី៩ ខែកញ្ញា។
គួរបញ្ជាក់ថា បើតាមលោក យូ កូរ៉េខាងជើងក៏កំពុងត្រៀមលក្ខណៈធ្វើសកម្មភាពយោធាផ្សេងៗទៀតផងដែរ រួមមានទាំងការបាញ់មីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូលត្រីភាគីរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាដើម្បីប្រឆាំងសមយុទ្ធយោធារួម រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវបើកកិច្ចប្រជុំកំពូលនាថ្ងៃសុក្រសប្តាហ៍នេះ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នៅសហរដ្ឋអាមេរិក៕