(មូស្គូ)៖ យានអវកាសរុស្ស៉ី Luna-25 បានធ្វើដំណើរចូលទៅដល់គន្លងក្បែរឋានព្រះចន្ទ កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈវាគឺជាការបោះ​ជំហានសំខាន់មួយ សម្រាប់មហិច្ឆតារបស់រុស្ស៉ី ដើម្បីក្លាយខ្លួនជាប្រទេសដំបូងគេ ដែលមានយានចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ក្រោមគោលដៅស្រាវជ្រាវរុករកទឹកដែលកកនៅទីនោះ។ នៅបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

យាន Luna-25 នឹងនៅគោចរជុំវិញព្រះចន្ទរយៈពេលប្រហែលជា៥ថ្ងៃ មុនពេលព្យាយាមចុះចតទៅលើផ្ទៃរបស់វា នៅថ្ងៃទី២១ ខែសីហា។ យានរុស្ស៉ីមួយនេះ ដែលមានទំហំប្រហែលប៉ុនរថយន្តខ្នាតតូចមួយគ្រឿង នឹងប្រឹងប្រែងធ្វើប្រតិបត្តិការឱ្យមានរយៈពេល១ឆ្នាំ នៅតំបន់ប៉ូល​ខាងត្បូងរបស់ព្រះចន្ទ ជាទីដែលទីភ្នាក់ងារអវកាសអាមេរិក NASA និងស្ថាប័នអវកាសរបស់ប្រទេសដទៃទៀត បានប្រទះឃើញប៉ុន្មានឆ្នាំ​ចុងក្រោយនេះ នូវស្លាកស្នាមនៃទឹកកដែលជាប់កក តាមរណ្តៅអាចម៍ផ្កាយនៅតំបន់នោះ។

វត្តមានទឹកនៅឋានព្រះចន្ទ អាចមានសារសំខាន់ជាខ្លាំងសម្រាប់ ក្រុមប្រទេសមហាអំណាចផ្នែកអវកាស ជាពិសេសគឺវាអាចអនុញ្ញាតឱ្យ​មនុស្សយើងស្នាក់នៅ បានយូរជាងមុននៅទីនោះ ដែលនឹងបើកផ្លូវសម្រាប់កិច្ច​ប្រឹងប្រែងរុករកធនធានរ៉ែរបស់ព្រះចន្ទ។ ជាមួយគ្នានេះ យាន Chandrayaan-3 របស់ប្រទេសឥណ្ឌា ក៏កំពុងស្ថិតនៅគន្លងក្បែរព្រះចន្ទ ដើម្បីត្រៀមព្យាយាមចុះចត នៅប៉ូលខាងត្បូងរបស់ព្រះចន្ទ នាសប្តាហ៍ក្រោយផងដែរ ប៉ុន្តែវានឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែសីហា គឺ២ថ្ងៃក្រោយរុស្ស៉ី។ បើទទួលជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) សហរដ្ឋអាមេរិក និងចិន ដែលបាននាំយកយានរ៉ូបូត ទៅដល់លើផ្ទៃព្រះចន្ទ ដោយសុវត្ថិភាព។

គួរបញ្ជាក់ថា Luna-25 គឺជាបេសកកម្មឋានព្រះចន្ទលើកដំបូងសម្រាប់ទីក្រុងមូស្គូ ក្នុងរយៈពេលជិតកន្លះសតវត្សរ៍ គិតចាប់តាំងតែពី​បេសកកម្ម Lun-24 របស់សហភាពសូវៀត កាលពីឆ្នាំ១៩៧៦មក៕