(តេហេរ៉ង់)៖ ស្ថានីយទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀអាប់ដូឡោះហ៉ីយ៉ាន (Hossein Amirabdollahian) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចខាងលើនឹងកើតមានឡើង ក្រោយកាលពីខែមិថុនាកន្លងទៅ រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វាហាន (Faisal bin Farhanl) បានជួបជាមួយក្រុមមន្រ្តីអ៉ីរ៉ង់នៅទីក្រុងតេហេរ៉ង់ ក្នុងដំណើរទស្សនកិច្ចលើកទី១ របស់ប្រមុខការទូតអារ៉ាប៊ីសាអូឌីតមកកាន់ប្រទេសអ៉ីរ៉ង់ បន្ទាប់ពីការព្រមព្រៀងស្តារទំនាក់ទំនងការទូតរវាងគ្នាឡើងវិញ កាលពីខែមីនា។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំនេះ អ៉ីរ៉ង់និងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងលើកិច្ចព្រមព្រៀងមួយ ដែលសម្រេចបានក្រោមការជួយសម្រុះសម្រួលរបស់ចិន ដើម្បីបិទបញ្ចប់ជំទាស់ការទូត ហើយស្តារទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំនឹងគ្នា ដែលបាននាំឱ្យមានអស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ អារ៉ាប៊ីសាអូឌីតបានផ្តាច់ទំនាក់ទំនងជាមួយអ៉ីរ៉ង់ កាលពីឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករបានចូលវាយប្រហារស្ថានទូតខ្លួន នៅទីក្រុងតេហេរ៉ង់ ដើម្បីសងសឹកចំពោះការដែលទីក្រុងរីយ៉ាដ ប្រហារជីវិតបុព្វជិតអ៉ីស្លាមល្បីឈ្មោះម្នាក់៕