(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) កាលពីថ្ងៃពុធសប្តាហ៍នេះ បានជជែកគ្នាតាមទូរស័ព្ទ ជាមួយពលរដ្ឋអាមេរិក លោក ផូល វេលែន (Paul Whelan) ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣។

លោក វេលែន ដែលជាអតីតទាហានម៉ារីនអាមេរិក ត្រូវបានអាជ្ញាធររុស្ស៉ីចាប់ខ្លួនកាលពីឆ្នាំ២០១៨ ហើយត្រូវឃុំខ្លួនរយៈពេល ១៨ខែ នៅពន្ធនាគារ ឡេហ្វ័រតូវ៉ូ (Lefortovo) ក្នុងទីក្រុងមូស្គូ និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៦ឆ្នាំទៀតពីបទចារកម្ម កាលពីឆ្នាំ២០២០។ ប៉ុន្តែលោកបាន បដិសេធការចោទប្រកាន់ទាំងនេះ។ ក្នុងពេលជជែកគ្នានោះ លោក ប្លីនខិន បានប្រាប់លោក វេលែន ឲ្យរក្សាជំនឿចិត្ត ហើយថាសហរដ្ឋអាមេរិក កំពុង ធ្វើអ្វីគ្រប់យ៉ាង ដើម្បីនាំរូបលោកត្រឡប់ទៅផ្ទះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅរុស្ស៉ី លោកស្រី លីន ត្រេស៉ី (Lynne Tracy) ក៏ទើបនឹងបានជួបសួរសុខទុក្ខ លោក វេលែន (Whelan) ក្នុងពន្ធនាគារប្រទេសរុស្ស៉ីដែរ កាលពីខែឧសភាកន្លងទៅ។ សហរដ្ឋអាមេរិកបានចាត់ទុកការឃុំខ្លួនលោក វេលែន ជាទង្វើខុសច្បាប់ និង មានចេតនានយោបាយសុទ្ធសាធ៕