(វ៉ាស៊ីនតោន)៖ កាសែត Financial Times កាលពីថ្ងៃពុធ ទី១៦ ខែសីហានេះ បានរាយការណ៍ថាសហរដ្ឋអាមេរិក កំពុងជំរុញឱ្យអ៉ីរ៉ង់បញ្ឈប់ ការលក់យន្ដហោះដ្រូនទៅឱ្យរុស្ស៉ី ជាផ្នែកមួយនៃការបន្ធូរបន្ថយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។

សេចក្ដីរាយការណ៍ខាងលើរបស់កាសែត Financial Times ធ្វើឡើងដោយផ្អែកលើមន្ត្រីអ៉ីរ៉ង់ម្នាក់ និងប្រភពពីមន្ត្រីមួយចំនួនទៀតដែលបានដឹងពី កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ បើតាម Financial Times សហរដ្ឋអាមេរិកក៏បានជំរុញអ៉ីរ៉ង់បញ្ឈប់ ការលក់គ្រឿងបន្លាស់សម្រាប់យន្ដហោះដ្រូនទៅឱ្យរុស្ស៉ីផងដែរ។

Financial Times បានបន្ថែមទៀតថាកិច្ចពិភាក្សាទាំងនេះបានធ្វើឡើង នៅក្នុងកិច្ចចរចាមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀង ដោះដូរអ្នកទោសកាលពីសប្ដាហ៍មុន ដោយអ៉ីរ៉ង់យល់ព្រមអនុញ្ញាតឱ្យពលរដ្ឋអាមេរិក៤នាក់ផ្ទេរចេញពីពន្ធនាគារ ទៅកាន់ការឃុំខ្លួននៅក្នុងផ្ទះ ខណៈពលរដ្ឋអាមេរិកម្នាក់ទៀតកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះស្រាប់។ មិនតែប៉ុណ្ណោះ បើតាមព័ត៌មានដាច់ដោយឡែកមួយចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីសប្ដាហ៍មុន អ៉ីរ៉ងនឹងដោះលែងពលរដ្ឋអាមេរិកទាំង៥រូបនេះ ជាថ្នូរនឹងការប្រគល់មូលនិធិអ៉ីរ៉ង់ ៦ពាន់លានដុល្លារ ដែលត្រូវបានបង្កកក្នុងប្រទេសកូរ៉េខាងត្បូង​ មកឱ្យទីក្រុងតេហេរ៉ង់វិញ

ប៉ុន្តែ ទាំងខាងសេតវិមាន និងក្រសួងការបរទេសអ៉ីរ៉ង់មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Financial Times នៅឡើយទេ។

គួរបញ្ជាក់ថា ព័ត៌មានខាងលើកើតមានឡើង ចំពេលទីក្រុងវ៉ាស៊ីនតោន និងអ៉ីរ៉ង់ កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងនឹងគ្នា និងស្ដារកិច្ចពិភាក្សា ឡើងវិញស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់៕